បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចាក់បញ្ចាំងវីដេអូឯកសារមួយ ដែលបង្ហាញឲ្យឃើញពីការ ធ្វើដំណើរថ្មីបំផុត របស់លោក គីម ជុងអ៊ុន ទៅកាន់ភ្នំ Mount Paektu ជាការដើរតាមគន្លងចាស់ ដោយមានលាយឡំ ជាមួយវីដេអូអតីតមេដឹកនាំ ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង News 1 បានរាយការណ៍ថា លោក គីម ជុងអ៊ុន ដែលរំលងចោល មិនធ្វើសុន្ទរកថាឆ្នាំថ្មីប្រចាំឆ្នាំរបស់លោក ហើយបែរជាប្តេជ្ញា ធ្វើចំណាត់ការប្រឆាំងដោយយោធា ចំពោះកងកម្លាំងសត្រូវនៅចុងឆ្នាំ ត្រូវបានគេឃើញនៅជាមួយភរិយា របស់លោក គឺលោកស្រី រី ស៊ុលជូ លើកញ្ចក់ទូរទស្សន៍ KCTV ជារូបភាពដែលរំលឹក អំពីស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង។
វីដេអូឯកសារនោះ តាមសេចក្តរាយការណ៍ មានរួមបញ្ចូលមេដឹកនាំទាំងអស់៣រូប ដែលមានទាំងឪពុកលោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល កំពុងតែធ្វើទស្សនកិច្ចភ្នំ Mount Paektu ក្នុងពេលផ្សេងៗគ្នា ក្នុងប្រវត្តិសាស្ត្រ៕ ប្រែសម្រួល៖ប៉ាង កុង