ម៉ូស្គូ ៖ សាជីវកម្មថាមពលអាតូមិក រដ្ឋរបស់រុស្ស៊ី Rosatom គ្រោងនឹងសាងសង់ស្ថានីយ៍ ថាមពលនុយក្លេអ៊ែរ តូចមួយបន្ថែមទៀត នៅក្នុងតំបន់ស្វយ័ត Chukotka នៃចុងបូព៌ារបស់រុស្ស៊ី នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃសុក្រ ។
សារព័ត៌មាន PrimaMedia ដែលជាសារព័ត៌មានឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុង Vladivostok បានរាយការណ៍ថា សាជីវកម្មថាមពលអាតូមិក រដ្ឋរបស់រុស្ស៊ី Rosatom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយអាជ្ញាធរក្នុងតំបន់ក្នុងអំឡុង ពេលវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ដែលបន្ត ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍។
របាយការណ៍បានបង្ហាញថា ស្ថានីយនេះនឹងទទួលយកប្រព័ន្ធរ៉េអាក់ទ័រ ដែលបានបង្កើតឡើងក្នុងស្រុក ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០៣០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
របាយការណ៍បានឲ្យដឹងថា ការរចនាបច្ចេកទេសសម្រាប់ប្រព័ន្ធរ៉េអាក់ទ័រ និងឧបករណ៍ បច្ចេកវិជ្ជាសំខាន់ៗផ្សេងទៀតនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៤ ។ ស្ថានីយនេះត្រូវបានសាងសង់ឡើង ដើម្បីបំពេញតម្រូវការថាមពល ក្នុងតំបន់នឹងផលិត ថាមពលអគ្គិសនីរហូតដល់ទៅ ១០ មេហ្គាវ៉ាត់។
កាលពីខែមេសា ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ របស់រុស្ស៊ីបានទទួលអាជ្ញាប័ណ្ណជាផ្លូវការ ដើម្បីសាងសង់ស្ថានីយ៍ថាមពលនុយក្លេអ៊ែរដាច់ដោយឡែកនៅ Yakutia ស្ថិតនៅចុងបូព៌ារបស់រុស្ស៊ី ហើយស្ថានីយ៍នេះត្រូវបានគេរំពឹងថា នឹងដំណើរការនៅឆ្នាំ២០២៨៕