កីឡា

IOC ព្រមានអាហ្វហ្គានី ស្ថានអំពីស្ថានភាពកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ចំពោះការបដិសេធ កីឡាចំពោះស្ត្រី និងក្មេងស្រី

GENEVA៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ស្ថានភាពរបស់ក្រុមអាហ្វហ្គានីស្ថានសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ត្រូវបានចោទសួរកាលពីថ្ងៃពុធ ដោយ IOC ជុំវិញការខកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងក្រុមតាលីបង់ដែលរារាំងសិទ្ធិចូលលេងកីឡាសម្រាប់ស្ត្រី និងក្មេងស្រី។


គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថា ខ្លួននៅតែបន្តមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពកីឡាក្នុងប្រទេសអាហ្វហ្គានីស្ថាន បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតសម្រាប់សកម្មភាពក៏ដោយ។ ដោយកត់សម្គាល់ពីសិទ្ធិក្នុងការចាត់វិធានការបន្ថែមទៀត IOC បានព្រមានថា ព័ត៌មានលម្អិតជាក់លាក់សម្រាប់ការចូលរួមរបស់គណៈប្រតិភូ និងក្រុមអាហ្វហ្គានីស្ថាន (គណៈកម្មាធិការជាតិអូឡាំពិក) សម្រាប់ការប្រកួតកីឡាប៉ារីសមិនទាន់ត្រូវបានសម្រេចនៅឡើយ។


IOC អាចព្យួរស្ថាប័នអូឡាំពិករបស់ប្រទេសអាហ្វហ្គានីស្ថានសម្រាប់ការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងឯករាជ្យនៃកីឡា ខណៈគាំទ្រដល់អត្តពលិករបស់ប្រទេសដើម្បីប្រកួតប្រជែងនៅទីក្រុងប៉ារីសជាក្រុមឯករាជ្យក្រោមទង់ជាតិអូឡាំពិក និងភ្លេង។ នោះហើយជារបៀបដែលគុយវ៉ែតបានចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦ នៅទីក្រុង Rio de Janeiro ។


បញ្ហានេះត្រូវបានពិភាក្សាកាលពីថ្ងៃពុធនៅកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC បានធ្វើបច្ចុប្បន្នភាព អំពីបញ្ហាជាមួយមន្ត្រីអូឡាំពិកក្នុងប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ និងហ្គាតេម៉ាឡា។ នាយក IOC ទំនាក់ទំនង NOC លោក James McLeod បាននិយាយក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធើណេត ថា ការអំពាវនាវរវាងមន្ត្រីអូឡាំពិក និងនាយកផ្នែកអប់រំកាយ និងកីឡាដែលត្រូវបានតែងតាំងថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថានបាននាំឲ្យមានការធានាជាលាយលក្ខណ៍អក្សរមួយចំនួន ។


ទោះយ៉ាងណាក៏ដោយ IOC បាននិយាយថា ការធ្វើឲ្យមានលទ្ធភាពចូលលេងកីឡាមួយចំនួនសម្រាប់ក្មេងស្រីនៅសាលាបឋមសិក្សា គឺជាជំហានដំបូង ប៉ុន្តែបានរំលឹកឡើងវិញថា វានៅតែមិនគ្រប់គ្រាន់។

ស្ត្រី និងក្មេងស្រីមួយចំនួនដែលធ្លាប់លេងកីឡាជាច្រើនប្រភេទបានប្រាប់សារព័ត៌មាន The Associated Press កាលពីខែមករាថា ពួកគេត្រូវបានបំភិតបំភ័យដោយពួកតាលីបង់ជាមួយនឹងការមកលេង និងការហៅទូរស័ព្ទព្រមានពួកគេកុំឲ្យចូលរួមក្នុងកីឡារបស់ពួកគេ។


បញ្ហាអាហ្វហ្គានីស្ថាន គ្រោងនឹងពិភាក្សាបន្ទាប់នៅខែតុលា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ IOC ធ្វើឡើងនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ឆាប់ៗនេះ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ី។ អាហ្វហ្គានីស្ថានបានបញ្ជូនអត្តពលិកចំនួន ៥ នាក់ក្នុងនោះមានស្ត្រីម្នាក់ទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដែលបានបញ្ចប់កាលខែសីហា ឆ្នាំ ២០២១ មួយសប្តាហ៍មុនពេលក្រុមតាលីបង់បានកាន់កាប់ប្រទេសឡើងវិញ៕

ដោយ៖លី ភីលីព

Most Popular

To Top