ព័ត៌មានអន្តរជាតិ

រុស្ស៊ី ហាម​ពលរដ្ឋ​អូស្ត្រាលី ​៤៨​នាក់​ មិនឲ្យជាន់ទឹកដីរបស់ខ្លួន ទុកជាការ​សងសឹក

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានដាក់ទណ្ឌកម្មប្រឆាំងនឹងពលរដ្ឋអូស្ត្រាលី ចំនួន ៤៨នាក់ ដែលនឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសរបស់ខ្លួននោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម “ហេតុផលនយោបាយ” ដែលដាក់ដោយអាជ្ញាធរអូស្ត្រាលី ប្រឆាំងនឹងបុគ្គល និងអង្គភាពរបស់រុស្ស៊ី។

យោងតាមក្រសួងនេះ ជនជាតិអូស្ត្រាលីទាំង ៤៨ នាក់ ដែលក្នុងនោះមានអ្នកម៉ៅការយោធា អ្នកកាសែត និងសមាជិកក្រុមប្រឹក្សាក្រុង ជាអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយរបៀបវារៈប្រឆាំងរុស្ស៊ី។

ប្រភពបានបន្ថែមថាទីក្រុងមូស្គូ នឹងបន្តធ្វើបច្ចុប្បន្នភាព បញ្ជីហាមឃាត់ការចូលរបស់ខ្លួន ដោយគិតគូរពីដំណើរប្រឆាំងរុស្ស៊ី របស់ទីក្រុងកង់បេរ៉ា។ អូស្ត្រាលី ​បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ជុំ​ថ្មី ​ប្រឆាំង​នឹង​អង្គភាព​រុស្ស៊ី​ ចំនួន ២១ និង​បុគ្គល ៣នាក់កាលពី​ថ្ងៃ​ទ ១៩ ខែ​ឧសភា ឆ្នាំ២០២៣៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top