ព័ត៌មានអន្តរជាតិ

មូលនិធិគាំទ្រដោយរដ្ឋរបស់ជប៉ុន ប្រកាសទិញ JSR ដើម្បីបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប

រូបភាពពី៖​ KYODO

តូក្យូ ៖ JSR បាននិយាយកាលពីថ្ងៃចន្ទថា មូលនិធិដែលគាំទ្រដោយរដ្ឋ Japan Investment Corp នឹងទិញក្រុមហ៊ុនផលិតសម្ភារៈ Semiconductor JSR Corp ក្នុងតម្លៃប្រហែល ៦.៣ពាន់លានដុល្លារជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែងដើម្បី ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ការទិញយកនេះមានគោលបំណងពន្លឿនកំណើនរបស់អ្នកផលិត Photoresists ឈានមុខគេជាសម្ភារៈដ៏សំខាន់សម្រាប់ការផលិតបន្ទះឈីប ដោយសារតែវត្ថុធាតុដើមបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើសារសំខាន់ជាយុទ្ធសាស្រ្តដើម្បីធានាសុវត្ថិភាពសេដ្ឋកិច្ច និងវិបុលភាពក្នុងយុគសម័យឌីជីថលភាវូបនីយកម្ម។

JIC មានបំណងចាប់ផ្តើមការដេញថ្លៃក្នុងខែធ្នូសម្រាប់ JSR ដោយផ្តល់ជូន ៤,៣៥០ យ៉េនក្នុងមួយហ៊ុន និងយកក្រុមហ៊ុនសម្ភារៈបន្ទះឈីបឯកជន។

លោក Eric Johnson នាយកប្រតិបត្តិ JSR បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានអនឡាញថា ការបង្រួបបង្រួមកំពុងកើតឡើងនៅជុំវិញយើង ហើយយើងត្រូវធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាព នៃសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់យើង ហើយយើងត្រូវជំរុញទំហំដើម្បីឲ្យយើងប្រកួតប្រជែងពិតប្រាកដជាសាកល។

ក្រុមហ៊ុនគ្រោងនឹងជំរុញការរៀបចំឡើងវិញក្នុងឧស្សាហកម្មសម្ភារៈបន្ទះឈីបរបស់ជប៉ុន ដោយមានការគាំទ្រពី JIC ដែលគាំទ្រដោយរដ្ឋាភិបាល ហើយមានបំណងចុះបញ្ជីឡើងវិញក្នុងរយៈពេលជាច្រើនឆ្នាំ។

JIC នឹងផ្តល់ហិរញ្ញប្បទានដល់កិច្ចព្រមព្រៀងនេះ ដោយមានជំនួយពីស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ Mizuho និងធនាគារអភិវឌ្ឍន៍ជប៉ុន។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលរដ្ឋាភិបាលជប៉ុន កំពុងព្យាយាមធានាឲ្យមានស្ថិរភាព នៃការផ្គត់ផ្គង់បន្ទះឈីបចំពេលមានការកើនឡើង នៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងប្រទេសចិនលើឧបករណ៍វត្ថុធាតុដើម ។

ប្រទេសជប៉ុនបានបញ្ចុះបញ្ចូល Taiwan Semiconductor Manufacturing Co ជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេលើពិភពលោកឲ្យសាងសង់រោងចក្រនៅក្នុងប្រទេស។

វាក៏បានសម្រេចចិត្តផ្តល់ការឧបត្ថម្ភធនធំ ដល់ក្រុមហ៊ុនបណ្តាក់ទុនផលិតបន្ទះឈីបក្នុងស្រុក Rapidus Corp ដែលបង្កើតឡើងកាលពីឆ្នាំមុនដោយក្រុមហ៊ុនជប៉ុន ធំៗចំនួនប្រាំបី រួមមាន Toyota Motor Corp និង Sony Group Corp ៕ ដោយ៖លី ភីលីព

Most Popular

To Top