តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបុគ្គលិកជប៉ុន ដ៏សំខាន់មួយ និងវិទ្យាស្ថានបណ្តុះបណ្តាល របស់អង្គការសហប្រជាជាតិ បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល បច្ចេកវិទ្យាព័ត៌មានអនឡាញ ដល់ស្ត្រីអ៊ុយក្រែន ដែលបានភៀសខ្លួន ចេញពីប្រទេសរបស់ពួកគេ បន្ទាប់ពីមានការឈ្លានពាន ផ្នែកយោធារបស់រុស្ស៊ី ។
នាយកប្រតិបត្តិ Pasona Group Inc លោក Yasuyuki Nambu និង លោក Nikhil Seth នាយកប្រតិបត្តិ នៃវិទ្យាស្ថានអង្គការ សហប្រជាជាតិ សម្រាប់ការ បណ្តុះបណ្តាល និងស្រាវជ្រាវ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានៅទីក្រុងតូក្យូ ដោយសន្យាថា ភាគីទាំង២ នឹងធ្វើការឆ្ពោះទៅរកការផ្តល់នូវឯករាជ្យភាពសេដ្ឋកិច្ចដល់ស្ត្រី ជាពិសេសអ្នកដែលនៅខ្វះខាត ។
ដោយផ្អែកលើកិច្ចព្រមព្រៀងនេះ Pasona មានបំណងផ្តល់នូវ ខ្លឹមសារអប់រំអាចត្រូវបាន ប្រើប្រាស់ដោយ UNITAR ចំពោះផែនការរបស់ខ្លួន ដើម្បីកំណត់គោលដៅស្ត្រី អ៊ុយក្រែនចំនួន ៥០០ នាក់ដែលបានជម្លៀសឆ្លងព្រំដែន ទៅកាន់ប្រទេសប៉ូឡូញ ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន លោក Sergiy Korsunsky បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ បានសាទរចំពោះកិច្ចព្រមព្រៀងនេះ ដោយនិយាយថា ស្ត្រីដែលងាយ រងគ្រោះទាំងនោះ ឥឡូវនេះនៅក្នុងប្រទេសប៉ូឡូញ ពួកគេត្រូវបានដកហូតឱកាស ក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន របស់ពួកគេ ។ ចំណែកលោក Korsunsky បានប្រាប់អ្នកយកព័ត៌មានថា ដូច្នេះកិច្ចព្រមព្រៀងនេះ មានសារសំខាន់ខ្លាំងណាស់ក្នុងការគាំទ្រពួកគេ។
នេះបើយោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនថា ដោយសារសង្គ្រាម នៅអ៊ុយក្រែន ជនភៀសខ្លួន ៩៩៤,៧៧៥ នាក់មកពីប្រទេសអឺរ៉ុបខាងកើត រួមទាំងកុមារ និងស្ត្រី ស្ថិតនៅក្នុងប្រទេសប៉ូឡូញ គិតត្រឹមថ្ងៃទី ១៣ខែមិថុនា ។ ទោះបីជាអង្គភាព ទាំងពីរ នឹងពិភាក្សា លម្អិតបន្ថែមទៀត ក៏ដោយ អ្នកនាំពាក្យរបស់ Pasona បាននិយាយថា វគ្គសិក្សាណែនាំ ដែលពន្យល់ពីផ្ទៃ ខាងក្រោយ នៃដែនឌីជីថលត្រូវបានគេរំពឹងថា នឹងត្រូវបានផ្តល់ជូនចាប់ពីខែកញ្ញាដល់ខែមីនា ឆ្នាំ២០២៤ ។
យោងតាម អនុស្សរណៈនេះថា Pasona និង UNITAR ក៏នឹងរួមគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាលសម្រាប់ស្ត្រី និងយុវជនប្រមាណ ៥,០០០នាក់ នៅក្នុងបណ្តាប្រទេសនៅអនុតំបន់ សាហារ៉ាអាហ្វ្រិក ៕