តូក្យូ ៖ អ្នកនេសាទក្នុងតំបន់ បានសម្តែង ការព្រួយបារម្ភ របស់ពួកគេ កាលពីថ្ងៃអង្គារលើផលប៉ះពាល់ នៃទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ ដែលបញ្ជាក់ថា ផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពី រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលពិការចូលទៅក្នុងសមុទ្រ គឺមានសុវត្ថិភាព ។
លោក Eitatsu Kikuchi អ្នកនេសាទកំពុងរៀបចំទូករបស់លោក នៅតំបន់សូម៉ា ខេត្តហ្វូគូស៊ីម៉ា បានឲ្យដឹងថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្ញុំមិនដឹងថា តើការបញ្ចេញទឹក ដែលបានព្យាបាលនឹងប៉ះពាល់ដល់ការងារ និងជីវភាពរបស់ខ្ញុំដល់កម្រិតណា”។
លោក Kikuchi អាយុ ៣០ឆ្នាំបានបន្ថែមថា “មិនថាយើងព្យាយាមប៉ុណ្ណាក៏ដោយ យើងមិនអាចរារាំងទឹកវិទ្យុសកម្ម ពីការធ្វើឱ្យប៉ះពាល់បាននោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការព្រួយបារម្ភនៅតែបន្តកើតមាន ចំពោះការខូចខាតកេរ្តិ៍ឈ្មោះ ដែលអាចកើតមាន ចំពោះផលិតផលរបស់ពួកគេ ជាពិសេសបន្ទាប់ពីរបាយការណ៍របស់ IAEA ។
គួរបញ្ជាក់ថា IAEA បានបញ្ចប់នៅក្នុងរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃតែមួយថា ផែនការបញ្ចេញទឹករបស់ប្រទេសជប៉ុន គឺ “អនុលោមតាម” ស្តង់ដារសុវត្ថិភាពអន្តរជាតិ ហើយនឹងមាន “ផលប៉ះពាល់វិទ្យុសកម្មតិចតួចដល់មនុស្ស និងបរិស្ថាន” ។
រដ្ឋាភិបាលជប៉ុន មានបំណងចាប់ផ្តើមបង្ហូរទឹកព្យាបាលចេញ ពីរោងចក្រថាមពល Fukushima Daiichi នៅរដូវក្តៅនេះ។ នៅក្នុងនោះដែរលោក Keisuke Yamada អាយុ ៣៣ ឆ្នាំ ដែលលក់អាហារសមុទ្រ ដែលមានប្រភពមកពីខេត្ដហ្វូគូស៊ីម៉ា បានឲ្យដឹងថា “និយាយឱ្យត្រង់ទៅខ្ញុំ មិនចង់ឱ្យរដ្ឋាភិបាល បញ្ចេញទឹកនេះទេ” ។
គ្រោះមហន្តរាយនុយក្លេអ៊ែរ នៅរោងចក្រនេះត្រូវបានបង្កឡើង ដោយការរញ្ជួយដីដ៏ធំនិងរលកយក្ស ស៊ូណាមិក្នុងខែមីនា ឆ្នាំ២០១១ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ខេត្ដហ្វូគូស៊ីម៉ា និងខេត្តជិតខាងនៃ Miyagi និង Iwate ។
សហករណ៍ជលផលក្នុងខេត្តទាំង៣ បានឲ្យដឹងថា ពួកគេនឹងដាក់ញត្តិមួយនៅចុងសប្តាហ៍នេះទៅកាន់រដ្ឋាភិបាល កណ្តាល និងប្រតិបត្តិកររោងចក្រ Tokyo Electric Power Company Holdings Inc. ដែលបង្ហាញពីការប្រឆាំងរបស់ពួកគេ ចំពោះការបញ្ចេញទឹកដែលបានគ្រោងទុក៕