ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ បញ្ជាក់ពីមូលហេតុដែលទីក្រុងប៊ែរឡាំង មិនព្រមផ្តល់មីស៊ីល ឱ្យអ៊ុយក្រែន

Afp

បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ទីក្រុងប៊ែរឡាំង មានការស្ទាក់ស្ទើរក្នុងការផ្តល់អាវុធ រយៈចម្ងាយឆ្ងាយ ដល់ទីក្រុងគៀវ ដោយបារម្ភពីការកើនឡើង ដែលអាចកើតមាន ប្រសិនបើអ៊ុយក្រែន សម្រេចចិត្តប្រើប្រាស់មីស៊ីលទាំងនោះ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍រដ្ឋអាឡឺម៉ង់ ARD កាលពីថ្ងៃអាទិត្យ អធិការបតីលោក Olaf​ Scholz ត្រូវបានសាកសួរថា ហេតុអ្វីបានជាទីក្រុងប៊ែកឡាំងបដិសេធមិនផ្គត់ផ្គង់ឱ្យទីក្រុងគៀវ នូវមីស៊ីលរយៈចម្ងាយឆ្ងាយ។

លោក Scholz បានប្រាប់អ្នកកាសែត ARD ថា “យើងពិនិត្យដោយប្រុងប្រយ័ត្នរាល់សំណើដែលយើងទទួលបាន។ ប៉ុន្តែសម្រាប់ពួកយើង មានគោលការណ៍មួយដែលខ្ញុំចែករំលែក ជាមួយប្រធានាធិបតីអាមេរិក នោះ គឺយើងមិនចង់ឱ្យអាវុធដែលយើងផ្គត់ផ្គង់ ឱ្យប្រើប្រាស់ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីនោះទេ” ។

ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky តាមសេចក្តីរាយការណ៍បានប្រាប់ លោក Scholz ក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ នៅទីក្រុងប៊ែរឡាំងកាលពីខែឧសភាថា រដ្ឋាភិបាលទីក្រុងគៀវ “ចង់បានជាបន្ទាន់” នូវ មីស៊ីល ផលិតរួមគ្នាស៊ុយអែត-អាល្លឺម៉ង់ Taurus KEPD 350 រួមទាំងគ្រាប់​បែក​បាញ់​ពីអាកាស​មាន​ក្បាល​គ្រាប់ទំងន់ ៥០០ គីឡូក្រាម ហើយ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ ៥០០ គីឡូម៉ែត្រ ។

ក្នុងអំឡុងពេលនៃជម្លោះនេះ អ៊ុយក្រែនបានទាមទារប្រព័ន្ធសព្វាវុធទំនើបកាន់តែខ្លាំងឡើងពីអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន។ ទីក្រុងគៀវបានបង្កើនការអំពាវនាវឱ្យអង្គការណាតូផ្គត់ផ្គង់ ឱ្យខ្លួនជាមួយយន្តហោះចម្បាំង ជាពិសេសយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីបានធានាការសន្យាផ្តល់ រថក្រោះ Leopard 2 និង រថក្រោះ M1 Abrams និង រថក្រោះ Challenger 2 ដែលជារថក្រោះប្រយុទ្ធសំខាន់ៗពីសហភាពអឺរ៉ុបជាច្រើនរួមមានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top