អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានពិភាក្សាគ្នា អំពីការដេញថ្លៃសមាជិកភាពក្នុងអង្គការណាតូ របស់ប្រទេសស៊ុយអែត ជាមួយសមភាគីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តាមទូរស័ព្ទមុនពេលកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាព ក្នុងសប្តាហ៍នេះ។
មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីជំហររបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ ការផ្តល់យន្តហោះចម្បាំង F-16 និងការខិតខំប្រឹងប្រែងរបស់តួកគី ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរបស់លោក Erdogan ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលការហៅទូរស័ព្ទ លោក Erdogan បានកត់សម្គាល់ថា “ស៊ុយអែត បានចាត់វិធានការមួយចំនួនក្នុងទិសដៅត្រឹមត្រូវ” ឆ្ពោះទៅរកការផ្តល់សច្ចាប័នលើការដេញថ្លៃរបស់អង្គការណាតូ ដោយធ្វើការផ្លាស់ប្តូរនៅក្នុងច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំតួកគីបានឲ្យដឹងថា ជំហានទាំងនេះត្រូវបាន “ចាត់ទុកជាមោឃៈ” ខណៈដែលអ្នកគាំទ្រគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់ “បន្តធ្វើបាតុកម្មដោយសេរីនៅក្នុងប្រទេស ដើម្បីតស៊ូមតិជុំវិញអំពើភេរវកម្ម”។
លោក Erdogan ក៏បានសង្កត់ធ្ងន់ថា វាមិនត្រឹមត្រូវទេក្នុងការភ្ជាប់ការបញ្ជាទិញយន្ដហោះចម្បាំងធុន F-16 របស់តួកគី ពីសហរដ្ឋអាមេរិក ជាមួយនឹងការដេញថ្លៃជា សមាជិកអង្គការណាតូ របស់ប្រទេសស៊ុយអែត ដោយសំដៅទៅលើការជំទាស់ជាច្រើនពីសភាសហរដ្ឋអាមេរិក ចំពោះតម្រូវការទិញយន្តហោះ F-16 របស់ទីក្រុងអង់ការ៉ា ជុំវិញការវេតូនៃការចូលជាសមាជិកណាតូ របស់ប្រទេសស៊ុយអែត។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រធានាធិបតីទាំងពីរបានយល់ព្រមជួបទល់មុខគ្នា ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់យ៉ាងលម្អិតនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅរដ្ឋធានី Vilnius របស់ប្រទេសលីទុយអានី នៅថ្ងៃទី ១១-១២ ខែកក្កដា។
ទាក់ទងនឹងការដេញថ្លៃ នៃការចូលជាសមាជិកសហភាពអឺរ៉ុប របស់តួកគី លោក Erdogan បានប្រាប់លោក បៃដិន ថា ប្រទេសរបស់លោកមានគោលការណ៍ និងស្មោះត្រង់អំពីសមាជិកភាពរបស់សហភាពអឺរ៉ុប ដោយអំពាវនាវឱ្យស្តារឡើងវិញ នូវដំណើរការសមាជិកភាពរបស់ខ្លួន ហើយសង្ឃឹមថា នឹងទទួលបានសារយ៉ាងច្បាស់លាស់ និងរឹងមាំនៃការគាំទ្រពីបណ្តាប្រទេសនាំមុខគេ នៃសហភាពអឺរ៉ុប នៅឯកិច្ចប្រជុំកំពូល Vilnius នាពេលខាងមុខ។
សម្រាប់ផ្នែករបស់លោកវិញ លោក បៃដិន បានប្រាប់លោក Erdogan នូវបំណងប្រាថ្នារបស់លោក ក្នុងការស្វាគមន៍ស៊ុយអែត ចូលទៅក្នុងអង្គការណាតូ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូ កាលពីឆ្នាំមុន ប៉ុន្តែបានជួបការជំទាស់ពីប្រទេសតួកគី ក្រោមហេតុផលថា ប្រទេសទាំងពីរ កំពុងកាន់កាប់សមាជិកនៃ PKK និងចលនា Gulen ៕ ប្រែសម្រួល ឈូក បូរ៉ា