បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានរដ្ឋសរុបទាំងអស់ចំនួន ៥០រដ្ឋ។ ប៉ុន្តែនៅពេលដែលបង្កើតប្រទេសដំបូង គឺមានតែ១៣រដ្ឋប៉ុណ្ណោះដែលស្ថិតនៅតាមបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិក រួមមាន៖ New Hampshire, Massachusetts, Connecticut, Rhode Island, New York, New Jersey, Pennsylvania, Delaware, Maryland, Virginia, North Carolina, South Carolina and Georgia។ ក្រៅពីនោះជារដ្ឋដែលអាមេរិកវាយទន្ទា្រនបាន និងទិញពីប្រទេសដទៃ។ សូមមើលខាងក្រោម៖
ទឹកដីអាមេរិក កើនឡើងក្រោយសន្ធិសញ្ញាឆ្នាំ១៧៨៣ រវាងអាមេរិក និងអង់គ្លេស ក្នុងនោះអាមេរិកទទួលបានតំបន់ Great Lakes ដ៏ធំសម្បើមផងដែរ ពោលគឺព្រំដែនអាមេរិកពេលនោះ បានរំកិលកាន់តែធំ គិតចាប់ពីខាងជើង Florida និងចាប់ពីមហាមុទ្រអាត្លង់ទិក ទៅត្រឹមទន្លេ Mississippi។
កិច្ចព្រមព្រៀងរវាងអាមេរិក និងអង់គ្លេស ឆ្នាំ១៨១៨៖ អាមេរិក ទិញតំបន់ Red River Basin ហើយបច្ចុប្បន្នតំបន់នេះក្លាយទៅជាផ្នែកមួយនៃរដ្ឋ North Dakota និងរដ្ឋ Minnesota។
អាមេរិក និងអង់គ្លេស ឯកភាពកាន់កាប់ដែនដី Oregon រួមគ្នាក្នុងឆ្នាំ១៨៤៦។ តែក្រោយមកតំបន់នេះត្រូវបែងចែកគ្នាគ្រប់គ្រងត្រង់ខ្សែស្របទី៤៩។
សន្ធិសញ្ញា Guadalupe Hidalgo ឆ្នាំ១៨៤៨៖ អាមេរិកទទួលបានដែនដី Mexican ដោយធ្វើសង្គ្រាមឈ្នះម៉ិកស៊ីកូ។ បច្ចុប្បន្នដែនដីនេះ ជាផ្នែកនៃរដ្ឋ Arizona, California, New Mexico, Texas, Colorado, Nevada និង Utah។
អាមេរិក ទិញដែនដី Louisiana ពីបារាំង ក្នុងឆ្នាំ១៨០៣ តម្លៃ ១៥លានដុល្លារ (ប្រហែលជិត ៣២៣លានដុល្លារក្នុងឆ្នាំ២០១៨)។ បច្ចុប្បន្នដែនដីនេះជាផ្នែកនៃរដ្ឋ Arkansas, Missouri, Lowa, Minnesota, North Dakota, South Dakota, Nebraska, Oklahoma, Kansas, Montana, Wyoming, Colorado និង Louisiana។
ក្រោមសន្ធិសញ្ញា Adams-Onis អេស្ប៉ាញ បានសម្រេចលក់រដ្ឋ Florida ឱ្យអាមេរិក ក្នុងឆ្នាំ១៨១៩ តម្លៃ ៥លានដុល្លារ (ប្រហែល ៩៥លានដុល្លារ ក្នុងឆ្នាំ២០១៨) ព្រោះតែមិនចង់ធ្វើសង្គ្រាមជាមួយអាមេរិក។
តិចសាស់ (Texas)៖ ដើមឡើយជាទឹកដីរបស់ម៉ិកស៊ីកូ ប៉ុន្តែត្រូវក្រុមបះបោរបំបែកខ្លួន ហើយប្រកាសជាសាធារណរដ្ឋតិចសាស់ក្នុងឆ្នាំ ១៨៣៦។ ក្រោយមកសាធារណរដ្ឋនេះ សុំចូលជាផ្នែកមួយរបស់អាមេរិក។ ក្នុងឆ្នាំ១៨៤៤ ព្រឹទ្ធសភាអាមេរិក មិនហ៊ានទទួលយកទេ ព្រោះខ្លាចធ្វើឱ្យម៉ិកស៊ីកូខឹង។ ប៉ុន្តែនៅពេលដែលលោក James Polk ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ព្រមទាំងមានការគាំទ្រពីប្រជាជនផងនោះ អាមេរិក ក៏សម្រេចបញ្ចូលតិចសាស់ជារដ្ឋរបស់ខ្លួននៅឆ្នាំ១៨៤៥។
ទូតអាមេរិកឈ្មោះ James Gadsden បានចុះសន្ធិសញ្ញាទិញតំបន់មួយ ពីម៉ិកស៊ីកូ ក្នុងឆ្នាំ១៨៥៣ ឬហៅថា (Gadsden Purchase 1853) តម្លៃ ១០លានដុល្លារ (ប្រហែល ២៣០លានដុល្លារ ក្នុងឆ្នាំ២០១៨)។ បច្ចុប្បន្នតំបន់នេះ ជាផ្នែកនៃរដ្ឋ Arizona និង New Mexico។
អាឡាស្កា (Alaska)៖ អាមេរិក ទិញដែនដីនេះ (បច្ចុប្បន្នជារដ្ឋអាឡាស្កា) ពីរុស្ស៊ី ក្នុងឆ្នាំ១៨៦៧ តម្លៃ ៧,២លានដុល្លារ (ប្រហែល ១១៧លានដុល្លារ ក្នុងឆ្នាំ២០១៨)។
ហាវៃ (Hawaii)៖ ដើមឡើយកោះនេះ គ្រប់គ្រងដោយម្ចាស់ក្សត្រីព្រះនាម Queen Liliukalani ប៉ុន្តែក្រុមបះបោរមួយដែលគាំទ្រដោយទាហានអាមេរិក ធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ១៨៩៣។ ក្នុងឆ្នាំ១៨៩៤ ហាវៃ ត្រូវបានបង្កើតជាសាធារណរដ្ឋ ហើយរហូតមកដល់ឆ្នាំ១៨៩៨ វាបានក្លាយជាផ្នែកមួយរបស់អាមេរិក៕
ប្រជុំកោះ Virgin៖ អាមេរិក ទិញកោះនេះពីដាណឺម៉ាក ក្នុងឆ្នាំ១៩១៧ តម្លៃ ២៥លានដុល្លារ (ប្រហែល ៤៩២លានដុល្លារក្នុងឆ្នាំ២០១៨) ដើម្បីសង់មូលដ្ឋានទ័ពជើងទឹកការពារព្រែកជីកប៉ាណាម៉ា និងទប់ស្កាត់អាល្លឺម៉ង់ ពីការទន្ទ្រានយកកោះនេះ។
ប្រភព៖sabay