បរទេស៖ ឧស្សាហកម្មផលិតអាវុធសម្រាប់វិស័យការពារជាតិ នៃប្រទេសស៊ែប៊ី បានប្រកាសហើយថា នឹងមិនធ្វើការនាំចេញអាវុធឡើយក្នុងរយៈពេល៣០ថ្ងៃខាងមុខដោយផ្តោតតែទៅតំរូវការ ក្នុងស្រុកប៉ុណ្ណោះ។
យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីការពារជាតិ Milos Vucevic បានបញ្ជាក់ទៀតថា៖ ការវាយតម្លៃរបស់យើងនៅពេលនេះគឺផ្តោតសំខាន់ តែទៅលើការធ្វើពាណិជ្ជកម្មឲ្យក្លាយទៅជាអាទិភាព លើសការងារសម្រាប់សន្តិសុខមាតុភូមិទេ ដូច្នេះអ្វីដែលឧស្សាហកម្មការពារជាតិរបស់យើង កំពុងបង្កើតត្រូវតែជាចម្បងចំពោះយោធាស៊ែប៊ី ស្របតាមតម្រូវការក្នុងស្រុក។
លោក Vucevic បានបន្តទៀតថា គណៈរដ្ឋមន្ត្រីបានអនុម័ត ការហាមឃាត់រយៈពេល ៣០ ថ្ងៃតាមការស្នើរបស់ប្រធានាធិបតី Aleksandar Vucic ក្នុងឋានៈជាមេបញ្ជាការកមពូលយោធាហើយលោកបន្ថែមថា ការផ្អាកការនាំចេញអាចនឹងត្រូវពន្យារទៀតអាស្រ័យលើកាលៈទេសៈជាក់ស្តែងនៅពេលដែលកាលកំណត់មកដល់។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចោទប្រកាន់ពីលោកខាងលិច ថា ក្រុមហ៊ុន Jugoimport SDPR ដែលគ្រប់គ្រងដោយរដ្ឋបានលក់គ្រាប់រំសេវទៅឱ្យប្រទេសរុស្ស៊ី ដោយប្រើសមាសធាតុដែលបានទិញពីប្រទេសបែលហ្ស៊ិក៕ ប្រែសម្រួល៖ស៊ុនលី