កីឡា

សាលាគុនការ៉ាតេដូ រាហ៊ុល ចែកវិញ្ញាបនបត្រ បញ្ជាក់ការសិក្សា និងប្រគល់ខ្សែក្រវាត់តាមកម្រិតពណ៌ ដល់សិស្សគុនសរុប ៥៥នាក់

ភ្នំពេញ៖សាសាគុនកីឡាការ៉ាតេ រាហ៊ុល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងប្រគល់ខ្សែក្រវាត់តាមកម្រិតពណ៌ជាច្រើនដល់សិស្សគុនសរុប ៥៥នាក់ដើម្បីផ្តល់ការលើកទឹកចិត្តដល់ការខិតខំរបស់សិស្សគុនក្មេងៗ ក្នុងគោលដៅបង្កើនគុណភាពទាំងក្បាច់គុន និងការអប់រំឲ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។


លោកសាស្ត្រាចារ្យ សែន ឧត្តម អ្នកគ្រប់គ្រងសាលាគុន រាហ៊ុល មានប្រសាសន៍ថា ក្នុងរយៈពេលបើកដំណើរការសាលាគុនជិត១ឆ្នាំមកហើយ លោកបានមើលឃើញថា សិស្សគុននានាតែមកចូលរួមហ្វឹកហាត់កាន់តែកើនឡើងជាបន្តបន្ទាប់ ហើយគុណភាពនៃការហ្វឹកហាត់របស់ពួកគាត់ក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ នេះជាការប្រគល់វិញ្ញាបនបត្រសិក្សានៃវគ្គនីមួយៗ ដើម្បីផ្តល់ការលើកទឹកចិត្តដល់ពួកគាត់ឲ្យខិតខំហ្វឹកហាត់ផង និងខិតខំការរៀនសូត្រ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីអនាគតល្អប្រសើរ។


លោក ឈួន ចន្ថា គ្រូបង្វឹកសាលាគុនការ៉ាតេដូ រាហ៊ុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យ សែន ឧត្តម ស្ថាបនិកសាលាគុនការ៉ាតេដូ រាហ៊ុល បានខិតខំរៀបចំបង្កើតសាលាគុននេះ និងឧបត្ថម្ភគាំទ្រ ដែលធ្វើឲ្យក្មេងៗជាសិស្សគុនមានឱកាសចូលរួមហ្វឹកហាត់បានយ៉ាងច្រើនជាបន្តបន្ទាប់។ កីឡាករ កីឡាការិនីទាំងអស់មានការរីកចម្រើនច្រើនមិនត្រឹមតែលើផ្នែកបច្ចេកទេសគុនប៉ុណ្ណោះទេ ប៉ុន្តែលោកបានមើលឃើញពីការរីកចម្រើនផងដែរនូវស្មារតី អាកប្បកិរិយា អត្តចរិតរបស់ក្មេងៗសិស្សគុនទាំងនោះដូចមនុស្សពេញវ័យ។ ជារួម កាលពីចូលហ្វឹកហាត់ដំបូង អត្តចរិតពួកគាត់មិនសូវមានវិន័យទេ តែឆ្លងកាត់ការបង្វឹក និងការអប់រំនៅសាលាគុននេះ ពួកគាត់បានផ្លាស់ប្តូរអាកប្បកិរិយាបានល្អគួរឲ្យកត់សម្គាល់។


លោក ឈួន ចន្ថា ជាអតីតគ្រូបង្វឹកជម្រើសជាតិកីឡាតុងហ្គីលម៉ូដូដ៏ល្បីល្បាញលធ្លាប់ដឹកនាំកីឡាករ កីឡាការិនីកម្ពុជាឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធពីលើឆាកអន្តរជាតិជាច្រើនលើកមកជូនជាតិរូបនេះបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា លោកពិតជាសប្បាយរីករាយ និងមោទនភាពចំពោះការបង្ហាត់បង្រៀនក្មេងៗសិស្សគុនទាំងអស់ និងបានចូលរួមជាមួយលោកសាស្ត្រាចារ្យ សែន ឧត្តម បានចូលរួមបំពេញកាតព្វកិច្ចមិនត្រឹមតែបង្ហាត់បង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមតែអប់រំឲ្យពួកគាត់ក្លាយជាសិស្សគុនល្អ ពលរដ្ឋល្អ បម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងមូលផងដែរ។ បន្ថែមពីលើនេះ ក៏បញ្ជ្រាបការអប់រំសិស្សគុនឲ្យជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដូចជាគ្រឿងញៀនជាដើម និងផ្តោតសំខាន់តែមកលើការហ្វឹកហាត់ ដើម្បីសុខភាពល្អ។ កាលណាប្រទេសជាតិអាចរីកចម្រើនទៅបាន ចាំបាច់ប្រជាពលរដ្ឋត្រូវមានសុខភាពល្អ។


លោក ឈួន ចន្ថា បានអំនាវនាវដល់អាណាព្យាបាលទាំងអស់ គប្បីបញ្ជូនកូនៗចូលរួមហ្វឹកហាត់កីឡា មិនថាកីឡាអ្វីនោះទេ ដើម្បីបណ្តុះឲ្យពួកគេមានស្មារតីល្អ សុខភាពមាំមួន មានវិន័យល្អ ដើម្បីឲ្យស្របទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលថា ប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត៕

ដោយ៖លី ភីលីព

Most Popular

To Top