ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការសោកស្ដាយ ចំពោះការដកខ្លួន របស់រុស្ស៊ី ចេញពីគំនិតផ្តួចផ្តើមគ្រាប់ ធញ្ញជាតិសមុទ្រខ្មៅ

ប្រភព ៖ Xinhua

យូអិន ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា លោកមានការសោកស្តាយ ចំពោះការសម្រេចចិត្ត របស់រុស្ស៊ីក្នុងការដកខ្លួន ចេញពីគំនិតផ្តួចផ្តើមគ្រាប់ ធញ្ញជាតិសមុទ្រខ្មៅ។

លោក Guterres បានលើកឡើងថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់សហព័ន្ធរុស្ស៊ី ក្នុងការបញ្ចប់ការអនុវត្តគំនិត ផ្តួចផ្តើមសមុទ្រខ្មៅ រួមទាំងការដកការធានាសន្តិសុខរបស់រុស្ស៊ី សម្រាប់ការធ្វើនាវាចរនៅតំបន់ ភាគពាយ័ព្យនៃសមុទ្រខ្មៅ”។

លោកបានប្រាប់ សន្និសីទ សារព័ត៌មាន នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា ជាមួយនឹងការសម្រេចចិត្ត បញ្ចប់គំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិ សមុទ្រខ្មៅ រុស្ស៊ី ក៏បានបញ្ចប់ការប្តេជ្ញាចិត្ត របស់ខ្លួន ក្នុងការជួយសម្រួលដល់ការនាំចេញអាហារ ប្រេងផ្កាឈូករ័ត្ន និងជីដែលមិនមាន ការហាមឃាត់ ពីកំពង់ផែសមុទ្រខ្មៅ ដែលគ្រប់គ្រង ដោយអ៊ុយក្រែន ដូចដែលបានបង្ហាញ នៅក្នុងអនុស្សរណៈ នៃការយោគយល់គ្នា រវាងរុស្ស៊ី និងអង្គការសហប្រជាជាតិ ។

គំនិតផ្តួចផ្តើមនេះបានធានា ការឆ្លងកាត់ប្រកបដោយសុវត្ថិភាព នៃទំនិញម្ហូបអាហារជាង ៣២ លានតោនពីកំពង់ផែអ៊ុយក្រែន។ លោក Guterres បានកត់សម្គាល់ថា កម្មវិធីស្បៀង អាហារពិភពលោក បានដឹកជញ្ជូនជាង ៧២៥០០០ តោន ដើម្បីគាំទ្រ ដល់ប្រតិបត្តិការមនុស្សធម៌ កាត់បន្ថយភាពអត់ឃ្លាន នៅក្នុងជ្រុងមួយចំនួន នៃពិភពលោកដែលរងគ្រោះខ្លាំងបំផុត រួមទាំងអាហ្វហ្គានីស្ថាន ស្នែងអាហ្វ្រិក និងយេម៉ែនផងដែរ។

គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ សមុទ្រខ្មៅដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគីយ៉ – រួមជាមួយនឹងអនុស្សរណៈ នៃការយោគយល់គ្នា រវាងប្រទេសរុស្ស៊ី និងស្ថាប័នពិភពលោក គឺជាខ្សែជីវិតសម្រាប់សន្តិសុខ ស្បៀងពិភពលោក និងជាសញ្ញា នៃក្តីសង្ឃឹមនៅក្នុងពិភពលោកដែលមានបញ្ហា។

លោកបានបន្ថែមថា នៅពេលដែលផលិតកម្ម និងលទ្ធភាពទទួលបានអាហារកំពុងត្រូវបានរំខានដោយជម្លោះ ការប្រែប្រួលអាកាសធាតុ តម្លៃថាមពល និងច្រើនទៀត កិច្ចព្រមព្រៀងទាំងនេះបានជួយកាត់បន្ថយតម្លៃម្ហូបអាហារជាង ២៣ ភាគរយចាប់តាំងពីខែមីនាឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top