Event

សាកលវិទ្យាល័យន័រតុន មានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រ បញ្ចប់ថ្នាក់សិក្សា វគ្គខ្លី

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យន័រតុន មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់ថ្នាក់សិក្សាវគ្គខ្លី ស្តីអំពី «វគ្គណែនាំនៃស្ថាបត្យកម្មអគារបៃតង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន, លោកគ្រូជំនាញអគារបៃតង, លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតដែលបានបញ្ចប់វគ្គសិក្សាខ្លីដោយជោគជ័យប្រមាណចំនួន៨៣នាក់។

តាមរបាយការណ៍ របស់លោកស្រីបណ្ឌិត សូ សុគន្ធារី ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម និងជាក្រុមប្រឹក្សានៃសមាគមស្ថាបត្យករកម្ពុជា បានបង្ហាញឲ្យឃើញថា វគ្គបណ្តុះបណ្តាលខ្លីនេះត្រូវបានទទួលនិស្សិតផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ចុះឈ្មោះចូលរៀនដំបូងចំនួន២១៨នាក់ និងត្រូវរៀនរយៈពេល៥ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ហើយចុងបញ្ចប់នែវគ្គនេះ មានការប្រលងដើម្បីដឹងពីកម្រិតយល់ដឹង របស់និស្សិតផងដែរ ។

គោលបំណង នៃការនាំមកនូវការបណ្តុះបណ្តាល «វគ្គណែនាំនៃស្ថាបត្យកម្មអគារបៃតង» នេះគឺចង់ឲ្យនិស្សិតស្ថាបត្យកម្ម បានយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់អំណោយផលពីធម្មជាតិបានផ្តល់ឲ្យ ដូចជាទឹក ដី ខ្យល់ ពន្លឺ និងបរិស្ថាន ដើម្បីបញ្ចូលទៅក្នុងគំនិត នៃការបង្កើត និងគូរប្លង់។ លើសពីនេះ គឺធ្វើយ៉ាងណា ការប្រើប្រាស់សម្ភារៈសំណង់ដែលមិនបំភាយកាបូនប៉ះពាល់ដល់បរិស្ថាន និងបំពុលដល់ភពផែនដី។

តាមការមតិចំណាប់អារម្មណ៍របស់លោក Bernard Sagaiyaraj គ្រូបង្គោលជំនាញស្ថាបត្យកម្ម អគារបៃតង មកពីប្រទេសម៉ាឡេស៊ី ដែលបង្រៀនវគ្គខ្លីនេះបានឲ្យដឹងថា ការគូរប្លង់ និងការជ្រើសរើសប្រើប្រាស់វត្ថុធាតុក្នុងការសាងសង់ គឺត្រូវធ្វើយ៉ាងណា កាត់បន្ថយផលប៉ះពាល់ នៃការបំភាយកាបូនដល់បរិស្ថាន និងយោងលើគោលដៅរបស់ពិភពលោកឲ្យមានសូន្យកាបូនក្នុងឆ្នាំ២០៥០។ លើសពីនេះ លោក ជា ប៊ុនសៀង ជាគ្រូបង្គោល និងជាអ្នកជំនាញពីក្រុមប្រឹក្សាអគារបៃតងកម្ពុជា ហើយជា សមាជិកក្រុមប្រឹក្សា នៃសមាគមស្ថាបត្យករកម្ពុជា បានធ្វើចំណាប់អារម្មណ៍បន្ថែមលើវគ្គសិក្សានេះ ថាជាជំនាន់ទី១នៃការផ្តើមវគ្គបណ្តុះបណ្តាល ចំណេះដឹងអំពីស្ថាបត្យកម្ម អគារបៃតង ដើម្បីកសាងធនធានមនុស្សលើជំនាញនេះ ធ្វើយ៉ាងណាឲ្យប្រទេសយើង ដើរលឿន និងរត់ទាន់ប្រទេសក្នុងតំបន់អាស៊ី ដែលរចនាសាងសង់អគារកាបូនទាប៕

Most Popular

To Top