កីឡា

អ្នករត់ជិត ២០០០ នាក់ចូលរួមការរត់ម៉ារ៉ាតុនខេត្តព្រៃវែង ក្រោមប្រធានបទ ” តោះយើងនាំគ្នាទៅបោះឆ្នោត “

ព្រៃវែង៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ អភិបាល នៃគណៈអភិបាលខេត្តព្រៃបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានរៀបចំកម្មវិធីរត់ម៉ារ៉ាតុន ក្រោមប្រធានបទ ” តោះយើងនាំគ្នាទៅបោះឆ្នោត ” នេះឡើងដើម្បីអបអរសាទរពិធីបិទ ការប្រកួតកីឡាពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៣ដោយមានអ្នកចូលរួមរត់ជិត ២០០០នាក់នៅទីរួមខេត្តព្រៃវែង។

ក្នុងឱកាសពិធីរត់ខាងលើកនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវង បាត់ដំបង និងខេត្តបន្ទាយមានជ័យ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ព្រមទាំងកីឡាករ-កីឡាការិនី យុវជន យុវនារី សិស្ស និស្សិត។

លោក ស សុខា បានមានប្រសាសន៍ថា ថ្ងៃនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានរៀបចំកម្មវិធីរត់ម៉ារ៉ាតុន ក្រោមប្រធានបទ ” តោះយើងនាំគ្នាទៅបោះឆ្នោត ” នេះឡើង ដើម្បីអបអរសាទរពិធីបិទ ការប្រកួតកីឡាពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៣ នង ជាពិសេសទៅទៀតគឺ ដើម្បីអបអរសាទរដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាព្រឹត្តិកាណ៍ដ៏មានសារសំខាន់ ៥ឆ្នាំមានម្ដង ក្នុងការកំណត់នូវជោគវាសនារបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោករដ្ឋលេខាធិការបានបន្តថា ការរត់ព្រឹកនេះមាន ២ ប្រភេទ គឺរត់ចម្ងាយ ៥ គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ ហើយអ្នកចូលរួមប្រកួតក៏មាន ២ ប្រភេទដែរ ដោយកីឡាករ កីឡាការិនីដែលបានចុះឈ្មោះ និងកីឡាករ-កីឡាការិនីកិត្តិយស សរុបប្រមាណ ១.៣៥៧នាក់ នឹងរត់ក្នុងពេលបន្តិចទៀតនេះ។

យើងបានរៀបចំការរត់ម៉ារ៉ាតុន ជាបន្តបន្ទាប់ ចំនួន ៥លើក មកហើយ ដែលបានធ្វើនៅ តាមបណ្តាស្រុកក្រុងមួយចំនួន ហើយថ្ងៃនេះគឺជាការរៀបចំលើកទី៦ ហើយ ក្នុងស្មារតី មហាគ្រួសារខ្មែរ។
លោកបានបន្ថែមទៀតថា សូមបងប្អូននាំគ្នាលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងរួមចំណែកដល់យុទ្ធនាការជាតិស្តីពី “ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខយ៉ាងតិច ប្រចាំជីវិត”៕ ដោយ៖លី ភីលីព

Most Popular

To Top