ព័ត៌មានអន្តរជាតិ

បារាំង ប្រកាសរុះរើគណៈរដ្ឋមន្ត្រីជាន់ទាប

រូបភាពពី៖​ AFP

ប៉ារីស៖ ការិយាល័យប្រធានាធិបតីបារាំង ​បានប្រកាសថា រដ្ឋាភិបាល ដែលទើបនឹងផ្លាស់ប្តូរថ្មី នៅតែដឹកនាំដោយនាយករដ្ឋមន្ត្រីបារាំងលោកស្រី Elizabeth Borne ជាមួយនឹងការដឹកនាំនៃក្រសួងសំខាន់ៗភាគច្រើននៅដដែល។

លោក Aurelien Rousseau ដែលជាប្រធានបុគ្គលិក របស់លោកស្រី Borne អស់រយៈពេលមួយឆ្នាំ បានជំនួសតំណែងលោក Francois Braun ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកPap Ndiaye ដែលជាអ្នកប្រវត្តិសាស្រ្ត ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីអប់រំ កាលពីឆ្នាំមុននឹងចាកចេញពីរដ្ឋាភិបាល ដើម្បីជំនួសដោយ Gabriel Attal ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីថវិកានៅឆ្នាំ២០២២ ហើយបានបម្រើការជាអ្នកនាំពាក្យរដ្ឋាភិបាល អស់រយៈពេលពីរឆ្នាំមុនពេលនោះ។

សមាជិកថ្មីក៏រួមមាន Philippe Vigier សមាជិក នៃចលនាប្រជាធិបតេយ្យ ដែលនឹងធ្វើជាប្រតិភូរដ្ឋមន្ត្រីថ្មី សម្រាប់កិច្ចការក្រៅប្រទេស។ អភិបាលក្រុង Dunkirk លោក Patrice Vergriete ត្រូវបាននាំយកមកធ្វើជាប្រតិភូរដ្ឋមន្ត្រីទទួលបន្ទុកលំនៅដ្ឋាន។ លោកស្រី Sabrina Agresti-Roubache ត្រូវបានតែងតាំងជារដ្ឋលេខាធិការ សម្រាប់ទីក្រុងដែលជាមុខតំណែង ដែលលោកស្រី នឹងទទួលខុសត្រូវ ចំពោះគោលនយោបាយទីក្រុង។

លោកស្រី Marlene Schiappa រដ្ឋលេខាធិការ សម្រាប់សេដ្ឋកិច្ចសង្គម និងសាមគ្គីភាព និងសមាគមជីវិត នឹងចាកចេញពីរដ្ឋាភិបាល ខណៈដែលលោកស្រី ត្រូវបាន​រិះគន់ជុំវិញការប្រើប្រាស់មូលនិធិប្រឆាំងជ្រុលនិយមខុស។

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃរដ្ឋាភិបាលថ្មីនៅព្រឹកថ្ងៃសុក្រ នេះបើយោងតាមការិយាល័យប្រធានាធិបតី៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top