កីឡា

សហព័ន្ធខ្មែរ កីឡាហែលទឹក ធ្វើបទបង្ហាញសកម្មភាព គោលបំណង និងទិសដៅរបស់ខ្លួន ដល់សហព័ន្ធហែលទឹក ពិភពលោក

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ តាមប្រព័ន្ធអនឡាញថា សហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវបានសហព័ន្ធ ហែលទឹកពិភពលោក ជ្រើសរើសចំណោម សហព័ន្ធទំាង ១០ ឲ្យចូលរួមកម្មវិធីដ៏ធំមួយ ដើម្បីសិក្សា និងអភិឌ្ឍនកីឡាហែលទឹក នៅប្រទេសកម្ពុជា និងការជួយជំរុញបន្ថែម ពីសហព័ន្ធហែលទឹកពិភពលោក ដែលមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃ២២ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Fukuoka ប្រទេសជប៉ុន ។

លោកអគ្គលេខាបានបន្តថា រូបលោកតំណាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ធ្វើបទបង្ហាញសកម្មភាព គោលបំណងនិងទិសដៅ របស់សហព័ន្ធខ្មែរ ព្រមទំាងរៀនសូត្រពីអ្នកជំនាញ របស់សហព័ន្ធហែលទឹកពិភពលោក ផ្តល់ចំណេះដឹងផ្នែកកីឡាឲ្យកាន់តែច្បាស់ ហើយយើងអាចស្នើសុំ និងជួយឧបត្ថម្ភតាមកម្មវិធីផ្សេងៗទៀត ។

ការជ្រើសរើសនេះ យើងអាចស្នើសុំការបណ្តុះបណ្តាលរយៈពេលវែង បណ្តុះបណ្តាលធនធានមនុស្ស រចនាសម្ព័ន្ធ ដោយសារសហព័ន្ធយើងចង់រចនាសម្ព័ន្ធ និងបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាគ្រូបង្វឹក និង គណៈកម្មបច្ចេកទេស ហើយរយៈពេល ៥ ឆ្នាំទៀត កីឡាករ-កីឡាការិនីហែលទឹក យើងសក្តានុពល ខ្លាំង ក្នុងការ ដណ្តើមមេដាយ លើឆាកអន្តរជាតិ ជាពិសេសការប្រកួត នៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា SEA GAME ដូច្នេះយើងត្រូវ មានផែនការ ឲ្យច្បាស់លាស់ ។

សហព័ន្ធកីឡាហែល ទឹកពិភពលោក (WORLD AQUATICS) បានអញ្ជើញ ដូច្នេះសហព័ន្ធខ្មែរកីឡាហែលទឹកាបនបញ្ជូនមន្រ្តីថ្នាក់ដឹកនាំចំនួន ១នាក់ ដើម្បីទៅចូលរួមប្រជុំ ក្នុងកម្មវិធីមហាសន្និបាត របស់សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS General Congress) ក្នុងនោះសហព័ន្ធខ្មែរ កីឡាហែលទឹកបានសម្រេច ចាត់បញ្ជូនរូប លោកតំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹកចូលរួម ក្នុងកម្មវិធីខាងលើ ។

កម្មវិធីប្រជុំសន្និបាតខាងលើនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Fukuoka ប្រទេសជប៉ុន ។ ក្នុងការទៅចូលរួមប្រជុំ ក្នុងកម្មវិធីខាងលើនេះ គឺសហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវបានជ្រើសរើសឲ្យឡើង ធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការជួយជំរុញគាំទ្របន្ថែម សម្រាប់ការអភិវឌ្ឍបន្តមានតែ ១០ប្រទេសប៉ុណ្ណោះ ដែលជាសមាជិក របស់សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS) ត្រូវបានជ្រើសរើសឲ្យឡើង ធ្វើបទបង្ហាញនេះ ហើយនេះក៏ជាលើកទី១ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក បានធ្វើឲ្យពិភពលោក ស្គាល់អំពីការអភិវឌ្ឍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា “កីឡារស់ក្នុងសន្តិភាព” ៕

Most Popular

To Top