ម៉ូស្គូ៖ ក្រុងគៀវ បានចាប់ផ្តើមការ វាយលុករបស់ខ្លួននៅថ្ងៃទី០៤ ខែមិថុនា បន្ទាប់ពីត្រូវបានបំពាក់អាវុធធុនធ្ងន់ ដោយអាមេរិក និងសម្ព័ន្ធមិត្តណាតូ។ ក្នុងរយៈពេលមួយខែកន្លះ កងកម្លាំងអ៊ុយក្រែន មានការបង្ហាញតិចតួច សម្រាប់ប្រតិបត្តិការរបស់ពួកគេ ក្រៅពីការខាតបង់យ៉ាងធ្ងន់ធ្ងរ ទាំងកងទ័ព និងឧបករណ៍ ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា យោធាអ៊ុយក្រែន បានបាត់បង់ទាហានជាង ២៦,០០០នាក់ នៅក្នុងវគ្គនៃការវាយលុករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។
ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានឲ្យដឹងក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក ពូទីន ក្នុងទីក្រុង St. Petersburg កាលពីថ្ងៃអាទិត្យថា “យោងតាមការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិក ការខាតបង់ ដែលមិនអាចទទួលបានមកវិញនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន មានចំនួនជាង ២៦០០០នាក់” ។
លោកពូទីន បានឆ្លើយតបថា “វានឹងកាន់តែច្រើន”។ លោក ពូទីន ក៏បានអត្ថាធិប្បាយផងដែរ អំពីប្រតិបត្តិការរបស់ទាហានស៊ីឈ្នួលបរទេស ដែលកំពុងប្រយុទ្ធនៅខាង អ៊ុយក្រែន ដោយថាពួកគេបានទទួលការ ខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារតែ “ភាពឆោតល្ងង់” របស់ពួកគេ។
លោក ពូទីន បានបន្ថែមថា “សមាជិក នៃសាធារណជនទូទៅ នៃប្រទេស ដែលរដ្ឋាភិបាល កំពុងបញ្ជូនមនុស្សទៅតំបន់ ជម្លោះនៅថ្ងៃនេះ ក៏គួរតែដឹងពីអ្វីដែលកំពុងកើតឡើង នៅទីនោះដែរ ។ ហើយយើងនឹងនាំយករឿងនេះទៅកាន់ប្រជាជនឲ្យយកចិត្តទុកដាក់ ដើម្បីឱ្យពួកគេអាចវាយតម្លៃ សកម្មភាពរបស់មេដឹកនាំរបស់ពួកគេ”៕
ប្រែសម្រួល ឈូក បូរ៉ា