អាមេរិក៖ ISS ត្រូវបានបើកដំណើរ ការ កាលខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងគោលបំណងរបស់ស្ថានីយ៍ អវកាសអន្តរជាតិ ដើម្បីធ្វើការស្រាវជ្រាវក្នុងបរិយាកាស មីក្រូទំនាញ បម្រើជាកន្លែងសាកល្បងសម្រាប់ប្រព័ន្ធអវកាស និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាសកល ក្នុងការរុករកអវកាស ខណៈណាសា មានបំណងកម្ទេច ISS នៅដើមឆ្នាំ ២០៣០ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។
នេះជាលើកដំបូងចាប់ តាំងពីប្រតិបត្តិការពេញលេញ របស់ខ្លួនបានចាប់ផ្តើម ក្នុងឆ្នាំ ២០០៩ ទីភ្នាក់ងារអវកាសអាមេរិក ណាសាត្រូវបានបង្ខំឲ្យពឹងផ្អែក លើប្រព័ន្ធបម្រុងទុក ដើម្បីបង្កើតទំនាក់ទំនងឡើងវិញ ជាមួយអវកាសយានិក នៅលើស្ថានីយ៍អវកាស អន្តរជាតិ(ISS) ដែលអណ្តែតលើផែនដី រាប់រយគីឡូម៉ែត្រ ។
ឧប្បត្តិហេតុដែលមិននឹកស្មាន ដល់បានកើតឡើង កាលពីថ្ងៃអង្គារអស់រយៈពេលប្រហែល ៩០ នាទី មុនពេលទំនាក់ទំនងធម្មតាត្រូវបានស្តារឡើងវិញ។ ក្នុងអំឡុងពេលដាច់ភ្លើង ណាសាបានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរបស់រុស្ស៊ីដើម្បីរក្សាទំនាក់ទំនងជាមួយអវកាសយានិក Frank Rubio, Woody Hoburg និង Stephen Bowen ជាផ្នែកមួយនៃនាវិក Expedition 69 ។
សមាជិកនាវិកផ្សេងទៀតនៅលើ ISS រួមមាន អវកាសយានិក Roscosmos Dmitri Petelin, Andrey Fedyaev និងមេបញ្ជាការ Sergey Prokopyev ក៏ដូចជាអវកាសយានិក UAE Sultan Alneyadi។ ណាសាបានធានាដល់សាធារណជនថា គ្មានគ្រោះថ្នាក់ដល់ក្រុមនាវិក ឬស្ថានីយអវកាសផ្ទាល់ឡើយ។
អ្នកគ្រប់គ្រងកម្មវិធីស្ថានីយ អវកាសលោក Joel Montalbano បានបញ្ជាក់ក្នុង សន្និសីទសារព័ត៌មានថា បញ្ហាស្ថិតនៅលើដីតែមួយគត់ ហើយបណ្តាលមកពីការ ធ្វើឲ្យប្រសើរឡើងតាមផែនការ របស់ប្រព័ន្ធថាមពល របស់មជ្ឈមណ្ឌល អវកាស Johnson ទោះបីជាមានការដាច់ភ្លើង ដោយខ្លួនវាមិនត្រូវបានគេរំពឹង ទុកក៏ដោយ ៕