កីឡា

ក្រុមអត្តពលិកកីឡាអេឡិចត្រូនិក ជិត២០០ក្រុមប្រជែងលើកពានរង្វាន់ WOWNOW &PRINCE MALL LEAGUE (WPML) រដូវកាលទី២

ភ្នំពេញ៖ លោក ជា បរិបូរណ៍ រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន និងប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងលោក Li Jinhe ស្ថាបនិកកម្មវិធី WPML និងនាយកប្រតិបត្តិក្រុមហ៊ុន WOWNOW នាថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាអេឡិចត្រូនិក WOWNOW &PRINCE MALL LEAGUE (WPML) រដូវកាលទី២ ឆ្នាំ២០២៣ លើវិញ្ញាសា MOBILE LEGENDS:BANGBANG នៅទីសាលាប្រជុំព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន។

គិតមកដល់ពេលនេះ មានក្រុមចូលរួមចំនួន ៤៥៧ ក្រុម ហើយគណៈកម្មការត្រូវការ ៥១២ ក្រុមដើម្បីធ្វើការជម្រុះយក ៨ ក្រុម ចំណែក៨ ក្រុមរកឃើញនឹងបន្តដំណើរទៅចូលរួមជាមួយក្រុម MPL ៧ ក្រុមទៀតឲ្យគ្រប់ ១៥ ក្រុម ទើបគណៈកម្មការបែងចែកចេញជា ៣ ពូល ក្នុងមួយពូលមាន ៥ ក្រុម ។

ក្រុមនីមួយៗក្នុងពូលនឹងធ្វើការប្រកួតគ្នា ដើម្បីសន្សំពិន្ទុលេងលក្ខណៈ BEST OF 1 រយៈពេល ៣ ថ្ងៃគឺថ្ងៃទី ១០ ១១ និងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក ជា បរិបូរណ៍ បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីអេឡិចត្រូនិកមានសិទ្ធិចូលរួមប្រកួតអាយុចាប់ពី១៦ឆ្នាំឡើងទៅតាមគោលការណ៍ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME ហើយការប្រកួតនៅក្រៅប្រទេសក៏កំណត់អាយុដូច្នេះដែរ។

គោលការណ៍ដែលសំខាន់បំផុត ការប្រកួតគឺក្រមសីលធម៌សម្រាប់ការប្រកួតក្នុងវិស័យកីឡា ហើយកីឡាករ-កីឡាការិនីស្ថិតក្នុងបញ្ជីខ្មៅ មិនអនុញ្ញាតឲ្យចូលរួមប្រកួត រួមទំាងថ្នាក់ដឹកនាំ។

លោក Li Jinhe ស្ថាបនិកកម្មវិធី WPML និងនាយកប្រតិបត្តិក្រុមហ៊ុន WOWNOW បាននិយាយថា ការប្រកួតកីឡាអេឡិចត្រូនិក WOWNOW &PRINCE MALL LEAGUE (WPML) លោកគ្រោងនឹងធ្វើការតាមខេត្តនៅក្នុងប្រទេសកម្ពុជា ដើម្បីអភិឌ្ឍកីឡាអេឡិចត្រូនិក ឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងនៅកម្ពុជា។ ដោយ៖លី ភីលីព

Most Popular

To Top