ម៉ូស្គូ៖ អ្នកជំនាញបានប្រាប់កាសែត Sputnik ថា ប៉ុន្មានខែខាងមុខទៀត នឹងឃើញយានជំនិះទំនើបៗជាច្រើនទៀតត្រូវបានដាក់ឲ្យប្រើប្រាស់ សម្រាប់កងទ័ពជើងទឹករុស្ស៊ី ដែលកំពុងដំណើរការដោយជោគជ័យក្នុងដំណើរការធ្វើឱ្យប្រសើរឡើង។
នៅថ្ងៃទី៣០ ខែកក្កដា ទីក្រុង St. Petersburg កំពុងរៀបចំក្បួនដង្ហែរទិវាកងទ័ពជើងទឹករុស្ស៊ី ដែលគ្រោងនឹងចូលរួមដោយប្រធានាធិបតីរបស់ប្រទេសនេះ លោក វ្លាឌីមៀ ពូទីន។
នាវា ទូក និងនាវាមុជទឹកជាង ៤០ គ្រឿង ព្រមទាំងយន្តហោះ ៤២ គ្រឿង និងទាហានជាង ៣៥០០នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងក្បួនដង្ហែរនៅក្នុងការបង្ហាញប្រពៃណីនៃកម្លាំងទ័ពជើងទឹករបស់រុស្ស៊ី។
ថាមពលនេះ គឺស្ទើរតែប្រាកដថា នឹងត្រូវបានជំរុញបន្ថែមទៀត ខណៈដែលកងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាចម្បាំងបន្ថែមទៀតមុនដំណាច់ឆ្នាំនេះ នេះបើតាមអ្នកជំនាញយោធា ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូលោក Vasily Dandykin បានប្រាប់កាសែត Sputnik ។
លោក Dandykin បានលើកឡើងថា “ទោះបីជាប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ដែលកំពុងបន្តនៅអ៊ុយក្រែន ដែលយល់បានប៉ះពាល់ដល់ថវិការដ្ឋក៏ដោយ កប៉ាល់ថ្មីៗជាច្រើនគ្រឿង នឹងចូលបម្រើការនៅភាគខាងជើង ប៉ាស៊ីហ្វិក សមុទ្រខ្មៅ និងកងនាវាចរបាល់ទិករបស់រុស្ស៊ី រួមទាំងកប៉ាល់មីស៊ីលខ្នាតតូច Zircon និងនាវាចម្បាំង Admiral Golovko ។
ដោយឡែកសម្រាប់កងនាវាមុជទឹករបស់ប្រទេសនេះ អ្នកជំនាញបានបន្ថែមថា ជាពិសេសវានឹងទទួលបាននាវាមុជទឹកយុទ្ធសាស្ត្រថាមពលនុយក្លេអ៊ែរ Alexander III ជំនាន់ទី៤ ដែលត្រូវបានរចនាឡើង ដើម្បីពង្រឹងកម្លាំងទ័ពជើងទឹករុស្ស៊ីនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕ ប្រែសម្រួល ឈូក បូរ៉ា