ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយរហូតដល់ ៨ គ្រឿងលើសការរំពឹងទុករបស់លោកគ្រូ ឡាច ចន្ច័ដារ៉ា នាយកសាលាគុនសុរិយាការ៉ាតេ ដូ និងជាប្រធានគ្រូបង្វឹករបស់សមាគមកីឡាការ៉ាតេដូក្រសួងមហាផ្ទៃក្នុងព្រឹត្តិការណ៍ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ “World Police & Fire Games” នៅទីក្រុង Winnipeg ប្រទេសកាណាដា។
លោកគ្រូ ឡាច ចន្ច័ដារ៉ា នាយកសាលាគុនសុរិយាការ៉ាតេ ដូ និងជាប្រធានគ្រូបង្វឹករបស់សមាគមកីឡាការ៉ាតេដូក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃទំាង ៥ នាក់នេះ ពួកគេអាចដណ្តើមបានមេដាយសរុបចំនួន ៨ គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធចំនួន ២ គ្រឿង ការប្រកួតនៅទីក្រុង Winnipeg ប្រទេសកាណាដានេះលើសការរំពឹងទុករបស់លោក ។
លោកគ្រូបានបន្តថា រូបលោកបានសង្ឃឹមថា ពួកគេអាចដណ្តើមបានមេដាយត្រឹមតែ ៥ គ្រឿង គឺមេមាសចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធចំនួន ២ គ្រឿងតែប៉ុណ្ណោះ បែរជាទទួលបានរហូតដល់ ៨ គ្រឿងទៅវិញ។
រប្រកួតនេះយើងមានកីឡាករ-កីឡាការិនីការ៉ាតេ និងគ្រូបង្វឹកចំនួន ៦ នាក់ក្នុងនោះកីឡាការិនី ២ នាក់ និងកីឡាករ ៣ នាក់ គឺអ្នកគ្រូ ជា ថារី កីឡាការិនី ផុន គិមស្រៀង កីឡាការិនី ស៊ីម ស្រីនីន កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាករ កាក់ សីលាបញ្ញា និងកីឡាករ តក់ ពិចិត្រ។
កីឡាការិនី ផុន គិមស្រៀង ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម កីឡាការិនី ស៊ីម ស្រីនីន ប្រកួតលើវិញ្ញាសាសម្តែង និងវិញ្ញាសាប្រយុទ្ធក្រុម និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ប្រកួតលើវិញ្ញាសាសម្តែង ប្រយុទ្ធប្រភេទទម្ងន់ក្រោម៧០ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម។
ណែកកីឡាករ កាក់ សីលាបញ្ញា ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៨៥ គីឡូក្រាមឡើង និងវិញ្ញាសាប្រយុទ្ធក្រុម និងនិងកីឡាករ តក់ ពិចិត្រ ប្រកួតលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម៧៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធក្រុម៕ ដោយ៖លី ភីលីព