វ៉ាស៊ីនតោន៖ ដំបូងឡើយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលសំបុត្រគោលដៅមួយប្រាប់លោក កាលពីសប្តាហ៍មុនថា លោកជាកម្មវត្ថុ នៃការស៊ើបអង្កេត ដែលជាការអភិវឌ្ឍន៍ ដែលបង្ហាញពីការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មថ្មី កំពុងកើតឡើងប្រឆាំងនឹងអតីតប្រធានាធិបតីរូបនេះ។ នៅពេលនោះ វាត្រូវបានគេរាយការណ៍ថា បទល្មើសរួមមានការរារាំង និងការឃុបឃិត ដើម្បីបោកប្រាស់ពលរដ្ឋអាមេរិក។
ការចោទប្រកាន់ទី៣ ត្រូវបានដាក់ប្តឹងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយបង្ហាញពីការចោទប្រកាន់ព្រហ្មទណ្ឌថ្មីចំនួន ៤ករណី ដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានចោទប្រកាន់ ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតអាមេរិកឆ្នាំ២០២០ ។
អតីតប្រធានាធិបតីរូបនេះ ប្រឈមមុខនឹងការចោទប្រកាន់ដែលរួមមានៈ ឃុបឃិតក្នុងការបន្លំភ្នែកពលរដ្ឋអាមេរិក ការសមគំនិត ដើម្បីរារាំងដំណើរការផ្លូវការ ការរារាំង និងការប៉ុនប៉ងរារាំងដំណើរការផ្លូវការ និងការសមគំនិតប្រឆាំងនឹងសិទ្ធិ។
ដីកានោះបានឲ្យដឹងថា ទោះចាញ់ក្តី ចុងចោទ (លោក ដូណាល់ ត្រាំ) បានតាំងចិត្តបន្តកាន់អំណាច។
ប្រភពបានឲ្យដឹងទៀតថា “ដូច្នេះអស់រយៈពេលជាងពីរខែបន្ទាប់ពីថ្ងៃបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២០ ចុងចោទបានផ្សព្វផ្សាយថា មានការក្លែងបន្លំកំណត់លទ្ធផលនៅក្នុងការបោះឆ្នោតហើយថាលោកពិតជាបានឈ្នះការបោះឆ្នោតនាពេលនោះ។ ការអះអាងទាំងនេះ ជាការមិនពិត ហើយចុងចោទដឹងថា ពួកគេក៏ដឹងថា ជារឿងមិនពិតដែរ”។
ការចោទប្រកាន់នេះមានបញ្ជីអ្នករួមគំនិតមិនបញ្ចេញឈ្មោះចំនួន ៦នាក់ រួមទាំងមេធាវីមួយចំនួន និងមន្ត្រីក្រសួងយុត្តិធម៌មួយរូប ដែលត្រូវបានចោទប្រកាន់ថា បាន “ចុះឈ្មោះ” ដើម្បីជួយលោក ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ និងបន្តកាន់អំណាច។
អ្នករួមគំនិតទាំងនោះត្រូវបានចោទប្រកាន់ថា “បានជំរុញឱ្យមន្ត្រីមិនអើពើនឹងការបោះឆ្នោតដ៏ពេញនិយម” និងរៀបចំ “ការក្លែងបន្លំសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោត” នៅក្នុងរដ្ឋ Arizona, Georgia, Michigan, Nevada, New Mexico, Pennsylvania និង Wisconsin តាមការចោទប្រកាន់៕ ប្រែសម្រួល ឈូក បូរ៉ា