ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ សហរដ្ឋអាមេរិក ពិបាកក្នុងការដោះស្រាយបញ្ហា ទៅលើអំពើហិង្សាដោយកាំភ្លើង

រូបភាពពី៖​ XINHUA

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា បើតាមការរាយការណ៍ពី YR Media ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍ បានផ្សាយថា ជនជាតិអាមេរិកាំង ជួបប្រទះនឹងការបាញ់ប្រហារច្រើនជាងប្រទេសណាមួយនៅលោកខាងលិច ហើយអំពើហិង្សាដោយកាំភ្លើង បានបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រៅនៅក្នុងសង្គមអាមេរិក ។

សេចក្តីរាយការណ៍បានឲ្យដឹងថា “ទោះបីជាមានការបាញ់ប្រហារដ៏ធំទាំងនេះក្តី រដ្ឋាភិបាលរបស់យើងមិនបានធ្វើសកម្មភាពអ្វីនោះទេ ។ ឥទ្ធិពលនៃអំពើហិង្សាដោយកាំភ្លើងនៅតែបន្តធ្វើឱ្យមានអ្នករងរបួសកាន់តែច្រើនឡើងៗនៅក្នុងសហគមន៍អាមេរិក ខណៈដែលដំណើរការលើច្បាប់សុវត្ថិភាពកាំភ្លើងនៅជាប់គាំងនៅក្នុងរដ្ឋជាច្រើន” ។
សេចក្តីរាយការណ៍បានដាក់ថា “ត្រូវធ្វើអ្វីមួយអំពីអំពើហិង្សាដោយកាំភ្លើង។ យ៉ាងណាក៏ដោយ នៅក្នុងរដ្ឋាភិបាលសហព័ន្ធ វាហាក់បីដូចជាច្បាប់ណាមួយលើបញ្ហានេះត្រូវបានរំខានដោយក្រុមប្រឆាំងសាធារណៈរដ្ឋជាខ្លាំង។

ខណៈដែលអ្នកប្រជាធិបតេយ្យតស៊ូដើម្បីវែកញែកជាមួយសហការីសាធារណៈរដ្ឋរបស់ពួកគេ កាន់តែច្រើននឹងស្លាប់ ។ ច្បាប់ប្រើប្រាស់កាំភ្លើងភាគច្រើនមិនដែលឃើញពន្លឺថ្ងៃឡើយ ហើយមនុស្សទទួលបាន គឺមានតែភាពធុញទ្រាន់ប៉ុណ្ណោះ” ។

យោងតាមរបាយការណ៍បានដាក់ថា នៅក្នុងឆ្នាំ២០២១មានចំនួន៨០ភាគរយ នៃអំពើឃាតកម្មទាំងអស់នៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រើប្រាស់កាំភ្លើង ។

យោងតាមទិន្នន័យចុងក្រោយបំផុតពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ការបាញ់ប្រហារទ្រង់ទ្រាយធំដែលកំពុងបន្តទាំងនេះហាក់ដូចជាគ្មានទីបញ្ចប់នោះទេ ដោយសារមូលហេតុចម្បងនៃការស្លាប់របស់យុវជន និងកុមាររបស់អាមេរិក គឺបណ្តាលមកពីកាំភ្លើង ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

រូបភាពពី៖​ XINHUA

Most Popular

To Top