ម៉ូស្គូ៖ នាវាមុជទឹកពហុបំណងដើរ ដោយថាមពលនុយក្លេអែរ Yasen-class របស់រុស្ស៊ី នឹងត្រូវបានបំពាក់ឡើងវិញ ជាមួយនឹងមីស៊ីល Zircon hypersonic ដែលជាប្រភេទមីស៊ីលលឿនជាសំឡេង ដោយលោក Alexei Rakhmanov នាយកប្រតិបត្តិនៃក្រុមហ៊ុន United Shipbuilding Corporation (USC) បានប្រាប់កាសែត Sputnik ថា ការងារនេះកំពុងដំណើរការរួចហើយ។
នាវាមុជទឹកនុយក្លេអ៊ែរនៃថ្នាក់ Yasen បច្ចុប្បន្នត្រូវបានបំពាក់ដោយកាំជ្រួចនាំផ្លូវទំនើបៗ ៤ប្រភេទរួចមកហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។
លោក Rakhmanov បានប្រាប់កាសែត Sputnik ថា “តាមការសម្រេចចិត្តរបស់ក្រសួងការពារជាតិរុស្ស៊ី នាវាមុជទឹកនុយក្លេអ៊ែរពហុបំណងនៃគម្រោង Yasen-M នឹងត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Zircon ដែលជាមីស៊ីលលឿនជាសំឡេង។
លោក Rakhmanov បានលើកឡើងថា កងទ័ពជើងទឹករុស្ស៊ី ក៏នឹងទទួលបានយ៉ាងហោចណាស់នាវាចំនួន ៥ បន្ថែមទៀតនៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា “នៅឆ្នាំនេះ យើងបានបញ្ជូននាវាថ្មីចំនួន ៣គ្រឿងរួចហើយ និងបានជួសជុលឡើងវិញ ហើយនៅចុងឆ្នាំនេះ យើងរំពឹងថា នឹងផ្ទេរយ៉ាងហោចណាស់ ៥នាវាបន្ថែមទៀត” ។
កាលពីដើមឆ្នាំនេះ នាយកប្រតិបត្តិ USC បានប្រាប់កាសែត Sputnik ថាសាជីវកម្មសាងសង់កប៉ាល់ គ្រោងនឹងផ្ទេរយ៉ាងហោចណាស់នាវាចំនួន ១១ គ្រឿងទៅឱ្យកងទ័ពជើងទឹករុស្ស៊ីក្នុងឆ្នាំ២០២៣ រួមទាំងនាវាមុជទឹកចំនួន ៥គ្រឿង (នុយក្លេអ៊ែរ ៣គ្រឿង និងប្រេងម៉ាស៊ូត ២គ្រឿង) ក៏ដូចជាកប៉ាល់ ដែលត្រូវបានកំណត់សម្រាប់តំបន់សមុទ្រជិត និងឆ្ងាយ៕
ប្រែសម្រួល ឈូក បូរ៉ា