CABO SAN LUCAS៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ថា ព្យុះសង្ឃរាHilary បានបន្ថយឥទ្ធិពលរបស់ខ្លួនដោយប្រែក្លាយទៅជាព្យុះត្រូពិចវិញកាលពីថ្ងៃអាទិត្យ ខណៈដែលព្យុះនេះត្រូវបានបក់ផុតមកដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក ប៉ុន្តែនៅតែទំនងជានាំមកនូវគ្រោះទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស មកដល់ភាគនិរតីនៃសហរដ្ឋអាមេរិក ដែលជាតំបន់ជាធម្មតា ។
អាជ្ញាធរបានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងហោចណាស់ម្នាក់នៅភាគពាយ័ព្យនៃប្រទេសម៉ិកស៊ិក ជាកន្លែងដែលព្យុះសង្ឃរា Hilary បានវាយប្រហារនៅលើឧបទ្វីប Baja California ជាមួយនឹងភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងមានកម្លាំងខ្យល់បក់ខ្លាំងទៀតផង ។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក ហៅកាត់ថា (NHC) បានឲ្យដឹងថា នៅកម្រិតកំពូលរបស់ព្យុះ Hilary បានឈានដល់ប្រភេទទី៤នៅលើមាត្រដ្ឋាន Saffir-Simpson ចំនួន៥ជំហាន ប៉ុន្តែត្រូវបានបន្ថយឥទ្ធិពលប្រែក្លាយទៅជាព្យុះត្រូពិច នៅគ្រាដែលវាធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រនីញ៉ា ។
មជ្ឈមណ្ឌល NHC បានឲ្យដឹងថា ព្យុះ Hilary កំពុងរក្សាកម្លាំងខ្យល់ជាអតិបរិមាក្នុងល្បឿនប្រហែល១១០គីឡូម៉ែត្រក្នុង១ម៉ោង ខណៈដែលព្យុះនេះបានផ្លាស់ទីទៅកាន់តំបន់ភាគខាងជើង ដែលស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីប Baja California ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា