តេអេរ៉ង់៖ សហរដ្ឋអាមេរិក បាននិងកំពុងកសាងវត្តមានយោធារបស់ខ្លួននាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា ជាពិសេសឈូងសមុទ្រ ក្រោមលេសថា ការពារកប៉ាល់ពី “ការយាយី” របស់អ៊ីរ៉ង់ ប៉ុន្តែអ្នកវិភាគបានព្រមានថា ទង្វើរបស់អាមេរិក នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។
កាលពីដើមខែនេះ លេខាធិការព័ត៌មានមន្ទីរបញ្ចកោណលោក Pat Ryder បានឲ្យដឹងថា ក្រុម Bataan Amphibious Ready របស់កងទ័ពជើងទឹកអាមេរិក និងអង្គភាពបេសកកម្មដែនសមុទ្រទី២៦ បានទៅដល់មជ្ឈិមបូព៌ា ជាផ្នែកមួយ នៃការដាក់ពង្រាយ ដែលបានប្រកាសជាមុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ប្រឆាំងនឹងអ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងកន្លែងផ្សេងទៀត។
នៅក្នុងការបង្ហោះជាច្រើននៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថាយន្តហោះរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការនៅក្នុងដែនទឹកក្នុងតំបន់។
ជាការឆ្លើយតប កងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅដើមខែសីហា បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្នុងដែនទឹកភាគខាងត្បូង របស់ប្រទេសនេះ ជាការបង្ហាញពីការត្រៀមខ្លួនរបស់កងទ័ពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពនៃដែនទឹកអ៊ីរ៉ង់។
អាជ្ញាធរអ៊ីរ៉ង់ បានច្រានចោលម្តងហើយម្តងទៀតនូវការចោទប្រកាន់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ថា “គ្មានមូលដ្ឋាន” ដោយសង្កត់ធ្ងន់ថា សន្តិសុខក្នុងតំបន់ អាចត្រូវបានធានាបានតែតាមរយៈកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ ដោយគ្មានការជ្រៀតជ្រែកពីមហាអំណាចឆ្លងតំបន់។
អ្នកវិភាគអះអាងថា វត្តមានយោធាអាមេរិកកើនឡើងនៅឈូងសមុទ្រ ត្រូវបានកំណត់ថា នឹងបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា ជាជាងធានាសន្តិសុខ និងសន្តិភាពរបស់ខ្លួន។
លោក Koroush Ahmadi អតីតអ្នកការទូតអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់ បានព្រមាននៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយគេហទំព័រព័ត៌មានអ៊ីរ៉ង់ Entekhab ថា វិធានការរបស់សហរដ្ឋអាមេរិក នឹងបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នានៅក្នុងតំបន់ ដោយសារមិនមានការឯកភាពគ្នារវាងភាគីទាំងពីរ៕ ប្រែសម្រួល ឈូក បូរ៉ា