ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានមជ្ឈមណ្ឌលជាតិ ហ្វឺកហ្វឹនកីឡា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសំខាន់ជាមួយ គ្រូបង្វឹកតាមប្រភេទកីឡានីមួយៗ ដើម្បីជំរុញការហ្វឹកហាត់ របស់កីឡាករ-កីឡាការិនីកម្ពុជា ត្រៀមចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ីលើកទី១៩ “The 19th Asian Games Hangzhou” នៅប្រទេសចិនខាងមុខនេះ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឺកហ្វឹនកីឡា ។
លោក ប៉ុន សុខ បានមានប្រសាសន៍ថា គ្រូបង្វឹកត្រូវរៀបចំកម្មវិធីហ្វឺកហាត់ របស់កីឡាករ-កីឡាការិនីឲ្យស៊ីទៅនឹង កម្មវិធីការប្រកួត ជាពិសេសព្រឹត្តិការណ៍ការ ប្រកួតកីឡាអាស៊ីលើកទី១៩ “The 19th Asian Games Hangzhou” នៅប្រទេសចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣ ។
ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនអត្តពលិកជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់ នៅចិនជាកម្មវិធីជំនួយ ផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រជាមានិតចិន ដែលនៅសល់អាហារូបករណ៍ប្រមាណ ៩០ថ្ងៃទៀត ក្នុងយុទ្ធសាស្ដ្រ SEA GAM ES ឆ្នាំ២០២៣ កាលពីថ្មីៗ កម្ពុជាធ្លាប់បានបញ្ចូនអត្តពលិកចំនួន ១៦១នាក់លើ ១២ប្រភេទកីឡាទៅហ្វឹកហាត់ជាង ៧ ខែមក ។
លោកបានបន្តថា ការហ្វឹកហាត់នៅប្រទេសក៏ជាយុទ្ធសាស្រ្ត ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីលើកទី១៩ “The 19th Asian Games Hangzhou” នៅប្រទេសចិនដែរ។ ក្នុងនោះមានការបញ្ជូនហ្វឹកហាត់ក្រៅប្រទេស រួមមានប្រភេទកីឡាតេក្វាន់ដូ WT និងកីឡាជឺជីតស៊ូ ៕