ព័ត៌មានអន្តរជាតិ

អង់គ្លេស បញ្ជូនយន្តហោះយោធា ដើម្បីរារាំងរុស្ស៊ី ពីការវាយប្រហារលើនាវាស៊ីវិល នៅសមុទ្រខ្មៅ

រូបភាពពី៖​ AFP

បរទេស៖ អង់គ្លេស បានបញ្ជូនយន្តហោះយោធារបស់ខ្លួន ដើម្បីទៅការពារកប៉ាល់ដឹកគ្រាប់ធញ្ញជាតិ ធ្វើដំណើរមកពីអ៊ុយក្រែន ខណៈដែលអនាគត នៃកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងការផ្តល់នូវ ច្រកសុវត្ថិភាពសម្រាប់ការនាំចេញកសិផល គឺនៅតែមិនច្បាស់លាស់បន្ទាប់ពីការផ្អាកដោយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “យើងនឹងប្រើការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍របស់យើង ដើម្បីតាមដានសកម្មភាពរបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅ អំពាវនាវឱ្យប្រទេសរុស្ស៊ី ប្រសិនបើយើងឃើញសញ្ញាព្រមានថា ពួកគេកំពុងរៀបចំការវាយប្រហារលើការដឹកជញ្ជូនជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធ”។

សេចក្តីថ្លែងការណ៍បានសរសេរថា “ជាផ្នែកមួយនៃប្រតិបត្តិការឃ្លាំមើលទាំងនេះ យន្តហោះ RAF កំពុងធ្វើការហោះហើរលើតំបន់នេះ ដើម្បីរារាំងប្រទេសរុស្ស៊ីពីការធ្វើវាយប្រហារពីលើអាកាសខុសច្បាប់ប្រឆាំងនឹងនាវាស៊ីវិលដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិ” ។

ចំណែកក្រសួងការពារជាតិរុស្ស៊ី វិញ បានព្រមានមុននេះថា នាវាទាំងអស់ដែលចូលកំពង់ផែអ៊ុយក្រែន នឹងត្រូវបាន “ចាត់ទុកជាការដឹកជញ្ជូនទំនិញយោធាដែលមានសក្តានុពល”៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top