សិល្បៈ និង កម្សាន្ត

ស្វែងរកសាលាល្អឲ្យក្មួយៗ ទើបធ្លាយដំណឹងថា សាយ សៀរ៉ា មានបន្ទុកត្រូវរ៉ាប់រង រហូតដល់ ៦នាក់

មហាជន ជាពិសេសអ្នកគាំទ្រ តារាសម្ដែង សាយ សៀរ៉ា អាចនឹងគិតថា ក្រៅពីឪពុក-ម្ដាយវ័យជរា ដែលត្រូវរ៉ាប់រងជីវភាព នៅឯស្រុកកំណើត ក្នុងខេត្ដកំពង់ចាម គឺមានតែលោកខ្លួនមួយប៉ុណ្ណោះដែលត្រូវរ៉ាប់រងខ្លួនឯង ។ ប៉ុន្ដែតាមពិតលោកមានបងស្រី និងក្មួយៗ សរុបចំនួន ៦នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងបន្ទុក ខណៈដែលការងារសិល្បៈមិនសូវ មានចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើង ។

គ្រប់គ្នាទើបភ្ញាក់ផ្អើល ចំពោះបន្ទុកដ៏ធ្ងន់ សម្រាប់តារាប្រុសរូបនេះ ក្រោយពីលោកបង្ហោះសារអគុណ ដល់ម្ចាស់សាលាឯកជនមីគីវ៉េ ដែលបានអនុគ្រោះ បញ្ចុះតម្លៃ៥០% ឲ្យក្មួយៗ របស់លោករៀន រហូតដល់ចប់ថ្នាក់ទី១២ ។ បន្ថែមលើការបង្ហោះសារ និងរូបថតតាមរយៈគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ សាយ សឿរ៉ា ក៏បានបញ្ជាក់តាមរយៈSabay នៅថ្ងៃនេះថា តាមពិតក្មួយៗ បានរស់នៅជាមួយលោកតាំងពីតូចៗ ព្រោះបងស្រីដែលត្រូវជាម្ដាយពួកគេបានរស់នៅ និងជួយមើលថែផ្ទះឲ្យលោកនៅភ្នំពេញ ជាច្រើនឆ្នាំហើយ។

លោក សាយ សឿរ៉ា និយាយថា បើទោះបីជាលោក ពុំមានទ្រព្យសម្បត្ដិ ឬលុយកាក់សម្រាប់ក្មួយៗចាយវាយគ្រប់គ្រាន់ ប៉ុន្ដែលោកនឹងប្រឹងប្រែង ជួយស្វែងរកចំណេះដឹង សម្រាប់ក្មួយៗ ដើម្បីឲ្យពួកគេមានអនាគតល្អ ។ ទន្ទឹមគ្នានេះ លោកក៏អគុណយ៉ាងខ្លាំងដល់លោក សៅ វលក្ខណ៍ និងភរិយា ដែលជាម្ចាស់សាលាមីគីវ៉េ ដែលបានផ្ដល់ក្ដីអនុគ្រោះ សម្រាប់ក្មួយៗ របស់លោក ក្នុងកាលៈទេសៈដែលលោក មិនទាន់សូវរកចំណូលបានច្រើនឡើងវិញ ពីអាជីពសិល្បៈ ដើម្បីទ្រទ្រង់ការសិក្សារបសក្មួយៗ ឲ្យបានប្រសើរនេះ៕

Most Popular

To Top