តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញដំណើរ ទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ដំណើរទស្សនកិច្ច របស់លោក គីម គឺតាមការអញ្ជើញរបស់លោក ពូទីន នេះបើយោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េ។ ប្រភពស្និទ្ធនឹងអាជ្ញាធរ រុស្ស៊ីបានឲ្យដឹងថា រថភ្លើងដឹកលោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសរុស្ស៊ី ហើយថាលោក គិម និងលោក ពូទីន ទំនងជានឹងជួបពិភាក្សាគ្នា នៅល្ងាចថ្ងៃអង្គារ។
កិច្ចពិភាក្សាចុងក្រោយទាំងពីរ បានធ្វើឡើងនៅទីក្រុងវ្លាឌីស្ដុក ក្នុងខែមេសា ឆ្នាំ២០១៩ លោក ពូទីន បានទៅដល់ទីក្រុង វ្លាឌីស្ដុក ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចរយៈពេល ២ថ្ងៃចាប់ពីថ្ងៃអាទិត្យនេះទៅ។
ប្រភពបានឲ្យដឹងថា លោក គីម ដែលកម្រធ្វើដំណើរ ទៅក្រៅប្រទេសរបស់លោក ទំនងជានឹងស្នាក់នៅរុស្ស៊ីរហូតដល់ថ្ងៃពុធ។
កាសែត New York Times បានរាយការណ៍កាលពីសប្តាហ៍មុនថា មេដឹកនាំទាំងពីរ នឹងជួបពិភាក្សាគ្នាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ក៏ដូចជាកិច្ចសហប្រតិបត្តិការ យោធាផ្សេងទៀត។ នេះកើតឡើងខណៈដែលរុស្ស៊ី កំពុងតស៊ូក្នុងការឈ្លានពានអ៊ុយក្រែន ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។
ប្រែសម្រួល ឈូក បូរ៉ា