កីឡា

លោក សែម សុខា ៖ វគ្គបណ្តុះបណ្តាល សុខភាពសហគមន៍នេះឡើង ក្នុងគោលបំណង ការបង្កើនការហាត់ប្រាណ និងលេងកីឡា នៅតាមសហគន៍

ខេត្តបាត់ដំបង ៖ លោក សែម សុខា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងឲ្យលោក វង សូត្រ ប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តបាត់ដំបងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធិ បើកវគ្គបណ្តុះបណ្តាលអប់រំសុខភាព សហគមន៍សម្រាប់ជនខ្សោយសតិញ្ញា នៅខេត្តបាត់ដំបង ។

លោក ឆាយ ម៉ាទីណាល់ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអប់រំសុខភាព សហគមន៍ សម្រាប់ជនខ្សោយសតិបញ្ញា ក្នុងគោលបំណងផ្តល់ឱកាសឲ្យក្មួយៗ ប្អូនៗ ដែលមានពិការភាពខ្សោយសតិបញ្ញា ព្រមទាំងឪពុក ម្តាយ ឬអាណាព្យាបាលបានជួបជុំគ្នា បង្កលក្ខណៈឲ្យមានភាពសប្បាយរីករាយ បង្កើនភាពជិតស្និតរវាងក្មួយៗ ប្អូនៗពិការភាពនិងអាណាព្យាបាល បានធ្វើការស្វែងយល់អំពីការអប់រំ និងកាថែទាំសុខភាពប្រចាំថ្ងៃ ។

លោកបានបន្តថា ជាមួយគ្នានេះដែរ កម្មវិធីក៏បានផ្សារភ្ជាប់ ចែករម្លែកសារអប់រំសុខភាព សហគមន៍សម្រាប់មន្ត្រីសុខាភិបាល ដែលបានអញ្ជើញមកពី តាមមណ្ឌលសុខភាព នានានៅក្នុងខេត្ត សម្រាប់ជាមូលដ្ឋានបន្ត និង បង្កើនការអប់រំ ក៏ដូចជាការផ្តល់សេវាសុខភាព នៅតាមសហគមន៍ ឲ្យបានទូលំទូលាយថែមទៀត ពិសេសយកចិត្តទុកដាក់ ដល់ជនមានពិការភាពខ្សោយ សតិបញ្ញា ។

លោក សែម សុខា ក៏បានមានប្រសាសន៍ថា គណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការទទួលខុសត្រូវ ជាចំបងក្នុងការអភិវឌ្ឍចលនាកីឡា ជនបញ្ញាខ្សោយ ទាំងក្មេង ពេញវ័យ និងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ ទៅលើការហាត់ហ្វឹកហ្វឺន និងការប្រកួត កីឡាជារៀងរាល់ឆ្នាំ និងក៏បានផ្តល់ឱកាសឲ្យជនបញ្ញាខ្សោយ បានចូល រួមសកម្មភាពកីឡា សំដៅហ្វឹក ហាត់កាយសម្បទាមំាមួន បញ្ញាស្មារតីឲ្យមានភាព រីកចម្រើន និងសីលធម៌ថ្លៃថ្នូរ ទទួលបានការលើកទឹកចិត្ត ចូលរួមក្នុងការចែករំលែកបទពិសោធន៍ ជំនាញ វត្ថុអនុស្សាវរីយ៍ និងភាពរាក់ទាក់ពីញាត្តិ អាណាព្យាបាល និងកីឡាករ កីឡាការិនី ដែលជាជនបញ្ញាខ្សោយដទៃទៀត ពិសេសគឺជៀសផុតពីការរើសអើងផ្សេងៗ នៅក្នុងសហគមន៍ផងដែរ។
គណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ក្នុងការពង្រីកចលនាកីឡា ជនបញ្ញាខ្សោយទៅតាម ខេត្តគោលដៅ មួយ ចំនួនដូចជា រាជធានីភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត ព្រះសីហនុ កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះវិហារ និងកំពង់ស្ពឺ ប៉ុន្តែ ការពង្រីកអនុគណៈកម្មាធិការនេះនៅមានកម្រិតនៅឡើយ ដោយចលនាកីឡាស្ប៉េស្យាល់អូឡាំពិកភាគ ច្រើនពឹងផ្អែកលើការ ជួយឧបត្ថម្ភមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀត ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន ។

លោកអនុប្រធាន បានបន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលសុខភាព សហគមន៍នេះឡើង ក្នុងគោលបំណងធំសំខាន់ដើម្បីឲ្យមានបណ្តាញ និងស្គាល់ពី សញ្ញាណ សុខភាពជនបញ្ញាខ្សោយ នៅតាមសហគមន៍ ការបង្កើនការហាត់ប្រាណ និងលេងកីឡានៅតាមសហគន៍ ។ ផ្តល់សកម្មភាពសុខភាព និងបង្ការជាបន្តដល់កីឡាករ កីឡាការិនី ខ្សោយសតិបញ្ញាក្នុងផ្នែក កាយសម្បទា ការញាំទឹក និងអនាម័យអាហារូបត្ថម្ភ និងបង្ការពីមេរោគផ្សេងៗ ព្រមទាំង អប់រំ និង បណ្តុះបណ្តាលសមាជិកគ្រួសារ របស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដើម្បីចូលរួមតស៊ូមតិ ផ្នែកសុខភាព យើងមានបណ្តាញ សម្រាប់អាណាព្យាលបាលជនបញ្ញាខ្សោយ មកពីអង្គការ សមាគម និង ពីក្រុមគ្រួសារនានា ជុំវិញខេត្ត ដើម្បីផ្តល់ឱកាសដល់ពួកគេបានយល់ ដឹងពីការថែទាំសុខភាព ដែលជាបញ្ហាចំបង សម្រាប់អាណាព្យាបាល និងប្អួនៗ កីឡាករ កីឡាការិនីបញ្ញាខ្សោយ និងដើម្បី បង្កើនការយល់ដឹង ផ្នែកសុខភាពទូទៅ សុខភាពមាតា សុខភាពទារក សុខភាពមាត់ ធ្មេញ និងសុខភាពនៃការរស់នៅប្រចាំថ្ងៃ របស់ជនខ្សោយសតិបញ្ញា។
ជំរុញឲ្យមន្ត្រីមន្ត្រី ពាក់ព័ន្ធ និង អាណាព្យាបាល ត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្តដល់មន្ត្រី ពាក់ព័ន្ធនិងគ្រួសារផ្សេងៗទៀត ក្នុងសហគមន៍ របស់ពួកគេឲ្យយល់កាន់ តែច្បាស់អំពីបញ្ញាសុខភាព នៃការរស់នៅប្រចាំថ្ងៃ របស់កីឡាករ-កីឡាការិនី បញ្ញាខ្សោយ សំដៅឈានទៅរស់នៅ ប្រកដដោយសុខុដុមរមនា ជៀសផុតពីជំងឺតម្កាត់ផ្សេងៗ៕
ដោយ៖លី ភីលីព

Most Popular

To Top