ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣បានអញ្ជើញចូលរួមពិធីសម្ពោធតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន និងទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “Fit ASEAN” ក្នុងទិវានេះ មានអ្នកចូលរួមសិស្សានុសិស្សមកពីវិទ្យាល័យជ្រោយចង្វារ ៣០០នាក់ វិទ្យាល័យវត្តភ្នំ៣០០នាក់ និងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចំនួន២០០នាក់សរុបចំនួន ៨០០នាក់។
ក្រសួងអប់រំ យុវជន និងកីឡា រៀបចំពិធីសម្ពោធតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន និងទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “Fit ASEAN” និងលេងកីឡាអាស៊ាននេះ ដោយនៅឆ្នាំ២០២២ ដែលកម្ពុជាបានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្នុងនោះមានក្រសួង ស្ថាប័ន១៥ ដឹកនាំដោយលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចង្អុលបង្ហាញឲ្យថ្នាក់ដឹកនាំក្រសួង នាយកដ្ឋានអប់រំកាយ និងកីឡា នៃអគ្គនាយកដ្ឋានកីឡា ធ្វើការសិក្សាស្រាវជ្រាវ រៀបចំប្រធានបទនូវទស្សនទានមានការចាំបាច់ និងមានសារសំខាន់សម្រាប់ប្រទេសអាស៊ានទាំង១០ គឺការបង្កើតតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនអាស៊ាន។
ទស្សនទាននេះទទួលបានការគាំទ្រពី ថ្នាក់ដឹកនាំកីឡាពីបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ និងដាក់ស្នើសុំទទួលការគាំទ្រពីថ្នាក់ដឹកនាំកំពូលអាស៊ានទាំង១០។ គម្រោងបង្កើតតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាននេះជាលើកដំបូង ក្រោមជំនួយគាំទ្របំពាក់សម្ភារពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រទេសសមាជិកអាស៊ានទាំងអស់កំណត់យកកម្ពុជាមុនគេ បន្ទាប់មកប្រទេសឥណ្ឌូនេស៊ី។
ដោយមានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញផ្តល់ទីតាំងសួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅខណ្ឌជ្រោយចង្វារ សង្កាត់ជ្រោចង្វារនេះ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលានាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ដោយអនុវត្តតាមផែនការការបំពាក់សម្ភារបានបញ្ចប់សព្វគ្រប់ ហើយត្រូវបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។
ការរៀបចំទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព ដោយអនុវត្តតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋានអប់រំកាយ និងកីឡា ផែនការ៥ឆ្នាំរបស់អាស៊ាន និងការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត របស់ប្រជាជនរស់នៅប្រកបដោយសុខដុមនីយកម្ម នៅក្នុងសង្គមកម្ពុជា និងសហគមន៍អាស៊ាន គឺអាស៊ានទស្សនតែមួយ អត្តសញ្ញាណតែមួយ សហគមតែមួយ “ One vision One identity One Community “ ។
ក្នុងន័យនេះ ក្រសួង អប់រំ យុវជន និងកីឡា បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញប្រារព្ធពិធីសម្ពោធតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន និងទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “Fit ASEAN” ក្រោមប្រធានបទ “លើកកម្ពស់សុខភាពខ្លួនឯង គឺលើកកម្ពស់ជីវភាពរស់នៅ” និងផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹងពីសារប្រយោជន៍ នៃការហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព៕ ដោយ៖លី ភីលីព