ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងចាប់ផ្តើម បង្ហូរទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima លើកទី២នៅសប្តាហ៍ក្រោយ

រូបភាពពី៖​ AFP

តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ថា ប្រតិបត្តិកររបស់ខ្លួនបានឲ្យដឹងថា ប្រទេសជប៉ុន នឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ជាលើកទី២ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលខូចទ្រង់ទ្រាយចាប់ពីសប្តាហ៍ក្រោយ ដែលជាសមយុទ្ធមួយដែលបានធ្វើឱ្យប្រទេសចិន ខឹងសម្បារ និងប្រទេសដទៃទៀតនៅគ្រាដែលរោងចក្រនេះបានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ដំបូងនៅក្នុងខែសីហា ។

កាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅនេះ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងចំណោមទឹកកាកសំណល់ចំនួន១,៣៤លានតោន ដែលបានប្រមូលចាប់តាំងពីរលកយក្សស៊ូណាមិ បានធ្វើឱ្យខូចខាតបរិក្ខារនៅក្នុងឆ្នាំ២០១១ ។

ក្រុមហ៊ុន TEPCO បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា “ការត្រួតពិនិត្យបន្ទាប់ពីការបញ្ចេញទឹកកាកសំណល់ជាលើកដំបូងត្រូវបានបញ្ចប់ … ការបង្ហូរទឹកកាកសំណល់ចេញ (លើកទី២) នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែតុលាខាងមុខ” ។

ប្រទេសចិន បានហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ បន្ទាប់ពីការបង្ហូរទឹកកាកសំណល់ជាលើកដំបូងដែលបានបញ្ចប់នៅថ្ងៃទី១១ ខែកញ្ញានេះ បើទោះបីជាក្រុងតូក្យូ បានលើកឡើងដោយទទូចថា ប្រតិបត្តិការនេះមិនមានហានិភ័យក៏ដោយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top