បច្ចេកវិទ្យា

និយតករ៖ ទូរស័ព្ទ iPhone 12 មានសុវត្ថិភាព សម្រាប់ការប្រើប្រាស់ នៅក្នុងប្រទេសបារាំង

ប្រភព ៖ AFP

ប៉ារីស ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារប្រេកង់ជាតិបារាំង ហៅកាត់ថា (ANFR) បានឲ្យដឹង កាលពីថ្ងៃសុក្រថា ការកែសម្រួលផ្នែកទន់ (Software) ដែលចេញផ្សាយដោយក្រុមហ៊ុន Apple សម្រាប់ទូរស័ព្ទស្មាតហ្វូន iPhone 12 របស់ខ្លួន នឹងអាចឱ្យឧបករណ៍ទាំងនោះ អនុលោមតាមដែនកំណត់ នៃការប៉ះពាល់នឹងវិទ្យុសកម្ម របស់ប្រទេសបារាំង ។

មន្ទីរពិសោធន៍ ដែលទទួលស្គាល់ដោយទីភ្នាក់ងារនេះ បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពលើកម្មវិធីអាចកំណត់តម្លៃជាក់លាក់នៃការស្រូបទាញ ហៅកាត់ថា (SAR) សម្រាប់អវយវៈ (ពោលគឺការកាន់ទូរស័ព្ទក្នុងដៃ) ដល់៣,៩៤វ៉ាត់ក្នុង១គីឡូក្រាម ហៅកាត់ (W/kg) ក្រោមការណែនាំរបស់សហភាពអឺរ៉ុប ហើយទីភ្នាក់ងារ ANFR បានបញ្ជាក់ដូច្នេះនៅ ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា 4 W/kg គឺ៤វ៉ាត់ក្នុង១គីឡូក្រាម ។

ទីភ្នាក់ងារដដែលនេះបានបញ្ជាក់ថា “ឥឡូវនេះវាអាស្រ័យលើក្រុមហ៊ុន Apple ក្នុងការដាក់ពង្រាយការកែសម្រួលកម្មវិធីនេះដល់អ្នកប្រើប្រាស់ iPhone 12 ទាំងអស់ ដើម្បីនាំយកឧបករណ៍ ឱ្យស្របតាមស្តង់ដារបច្ចុប្បន្ន” ដោយបន្ថែមទៀតថា នេះនឹងអនុញ្ញាតឱ្យខ្លួនលុបចោល ការហាមឃាត់សម្រាប់ទីផ្សារ លើទូរស័ព្ទស្មាតហ្វូន iPhone 12 នៅក្នុងប្រទេសបារាំង ។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែកញ្ញា ទីភ្នាក់ងារ ANFR បានអំពាវនាវឱ្យក្រុមហ៊ុន Apple ដកហូតទូរស័ព្ទ iPhone 12 ចេញពីទីផ្សារក្នុងប្រទេសបារាំង ដោយសារឧបករណ៍នេះត្រូវបានគេរកឃើញថា មាន កម្រិតនៃការស្រូបទាញ ហៅថា SAR 5.74 W/kg គឺ៥,៧៤វ៉ាត់ក្នុង១ក្រាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top