ព័ត៌មានអន្តរជាតិ

ប្រធានក្រុមហ៊ុន SpaceX លោក Musk គ្រោងនឹងពង្រីកសេវាអ៊ីនធើណេត​ នៅអាហ្វ្រិក

ប្រភព ៖ AFP

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអវកាសយក្សអាមេរិក SpaceX របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk នឹងចាប់ដៃគូជាមួយវេទិកា ពាណិជ្ជកម្មអេឡិចត្រូនិក Jumia Technologies ដើម្បីចែកចាយស្ថានីយផ្កាយរណប និងឧបករណ៍តភ្ជាប់នៅទ្វីបអាហ្វ្រិក ។

ក្រុមហ៊ុន Jumia រាប់បញ្ចូលក្រុមហ៊ុន Pernod Ricard SA និង Goldman Sachs Group ក្នុងចំណោមអ្នកវិនិយោគរបស់ខ្លួន បាននិយាយថា ខ្លួននឹងលក់ឧបករណ៍ Starlink នៅលើគេហទំព័ររបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយចាប់ផ្តើមពីប្រទេសនីហ្សេរីយ៉ា បន្ទាប់មកវានឹងចាប់ផ្តើមលក់ក្នុងប្រទេសកេនយ៉ា មុនពេលចែកចាយទៅកាន់ទ្វីបអាហ្វ្រិក។

លោក Hisham El Gabry ប្រធានផ្នែកពាណិជ្ជកម្ម Jumia បានប្រាប់ថា យើងបានឃើញក្រុមហ៊ុន Starlink ធ្វើកិច្ចព្រមព្រៀងទាំងនេះនៅអាស៊ីអាគ្នេយ៍ និងអាមេរិកខាងត្បូង ហើយឥឡូវនេះ អាហ្រ្វិក ក៏នឹងមានឱកាសប្រើប្រាស់សេវាអ៊ីនធើណេត ល្បឿនលឿនផងដែរ។
ភាពជាដៃគូនេះនឹងជួយ Starlink ពង្រីកបណ្តាញផ្កាយរណប របស់ខ្លួនក្នុងតំបន់ ដែលខ្វះអាសយដ្ឋានផ្លូវការ និងផែនទីទីក្រុង។ ស្ថានីយចល័តរបស់ Starlink មានសមត្ថភាព ភ្ជាប់ទៅផ្កាយរណប គន្លងផែនដីទាប ហើយគួរតែផ្តល់សេវាកម្មអ៊ីនធើណេត ទៅកាន់ទ្វីបដែលបច្ចុប្បន្ន មានការជ្រៀតចូលអ៊ីនធើណេត ទាបបំផុតរបស់ពិភពលោក ។

លោក Abdesslam Benzitouni ប្រធានផ្នែកទំនាក់ទំនងសកលរបស់ Jumia បានប្រាប់ថា ភាពជាដៃគូនឹងមិនបង្ហាញគំរូតម្លៃថ្មីនោះទេ ប៉ុន្តែក្រុមហ៊ុន Jumia នឹងលក់ឧបករណ៍ Hardware មានចាន Starlink ជើងទម្រ ខ្សែ និងប្រភពថាមពលក្នុងតម្លៃ ៥៥៧ ដុល្លារ។ តម្លៃបានបង្ហាញនៅលើគេហទំព័ររបស់ Starlink ។

ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត សំខាន់ៗរបស់ទ្វីបអាហ្រ្វិកដូចជា MTN Group និង Vodacom Group បានរកឃើញថា វាពិបាកក្នុងការពង្រីក ហេដ្ឋារចនាសម្ព័ន្ធទៅកាន់ តំបន់ដាច់ស្រយាល ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បានព្យាយាមផ្តល់អ៊ីនធើណេត ល្បឿនលឿនក្នុងទ្វីបអាហ្រ្វិក តាមរយៈវិធីសាស្រ្តប្រកប ដោយភាពច្នៃប្រឌិត ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង ទាំងនេះបានបង្ហាញថា មិនបានជោគជ័យ នាំទៅដល់ការវិល ត្រឡប់ទៅកាន់ខ្សែ កាបអុបទិក និងខ្សែកាបក្រោមសមុទ្រវិញ ៕
ដោយ៖លី ភីលីព

Most Popular

To Top