កីឡា

ព្រឹត្តិការណ៍ រត់ពាក់កណ្តាល ម៉ារ៉ាតុង សប្បុរសធម៌អង្គការ ផ្កាយសមុទ្រ ឆ្នាំ២០២៣ មានអ្នករត់ជិត ១៣០០នាក់

ភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ អង្គការផ្កាយសមុទ្រ លើកទី ២ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០២៣ ក្នុងបូរី ប៉េង ហួត PH Euro Park, Grand Star Platinum បឹង ស្នោ ដោយមានសប្បុរសធម៌ ចុះឈ្មោះចូលរួមរត់ចំនួនជិត ១៣០០នាក់ព្រឹតិ្តការណ៍នេះ រៀបចំដោយអង្គការផ្កាយសមុទ្រ ដើម្បីប្រមូលថវិកាទិញ សម្ភារសិក្សាសម្រាប់កុមារា-កុមារីក្រីក្រ ចំនួន ៧០០នាក់ ។

ព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ អង្គការផ្កាយសមុទ្រ “ISF Superhero Charity Run 2023” នេះមានការអញ្ជើញពីសំណាក់អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ លោក អ៊ុក វីឡា នាយកធនធានមនុស្សរបស់ក្រុមហ៊ុនបូរី ប៉េង ហួត និងសប្បុរសធម៌ចុះឈ្មោះចូលរួមរត់ចំនួនជាង ១៣០០នាក់ ។

អ្នកស្រី ជួប វិច្ឆិកា បានមានប្រសាសន៍ថា ថ្ងៃនេះអង្គការផ្កាយសមុទ្រ រៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ ដើម្បីគាំទ្រដល់កុមារា-កុមារី ដែលកំពុងទទួលការឧបត្ថម្ភ ពីអង្គការផ្កាយសមុទ្រ ហើយលើកទី ២ នេះ មានអ្នកចូលរួមរត់ ជិត ១៣០០ នាក់ កាលលើកទី១ នៅកោះដាច់ មានអ្នកចូលរួមរត់ជាង ៣០០ នាក់ ចំណែកឆ្នាំនេះអ្នកស្រី មានក្តីរំពឹងថា មានអ្នកចូលរួមរត់ ១០០០ នាក់ជាងបែរជាលើសពីការរំពឹងតែម្តង។

អ្នកស្រីបានបន្តថា អ្នកចូលរួមរត់សប្បុរសធម៌នេះ គឺជាការចូលរួមចំណែក ក្នុងការជួយដល់ការ ឧបត្ថម្ភសម្រាប់ការរៀនសូត្រ របស់ក្មេងៗក្រីក្រ ដែលអង្គការ ផ្កាយសមុទ្រ កំពុងគាំទ្រពួកគាត់។ គោលបំណងរៀបចំថ្ងៃនេះ ដើម្បីប្រមូលថវិកា សប្បុរសធម៌ និងអ្នករត់មួយចំនួនទិញ សម្ភារ សិក្សាសម្រាប់ក្មេងៗ ចំពោះឆ្នាំថ្មីការសិក្សារបស់ក្មេង ជិតចាប់ផ្តើមដូច្នេះពួកគាត់ត្រូវការប៊ិច ខ្មៅដៃ សៀវភៅ និងឧបករណ៍សិក្សាផ្សេងៗ ។

អ្នកស្រី ជួប វិច្ឆិកា បានន្ថែមទៀតថា ថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌ និងថវិកាចំនួន ១០.០០០ដុល្លាររបស់បូរី ប៉េង ហួត បានចូលរួមចំណែកខ្លាំងមែនទែន សម្រាប់សិក្សារបស់ក្មេងៗចំនួន ៧០០ នាក់ និងប៊ិច ខ្មៅដៃ សៀវភៅ និងឧបករណ៍សិក្សាផ្សេងៗ ព្រមទាំងអាហារពេលព្រឹក និងថ្ងៃត្រង់ពីអង្គការ ផ្កាយសមុទ្រផងដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top