ភ្នំពេញ៖ កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករក្រុមទូកនាគកម្ពុជាចំនួន ១៨ នាក់ទៅចូលក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាទូកនាគអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ “ 9th Sarawak Informational Dragon boat Regatta 2023 “ ចាប់ពីថ្ងៃទី២៦-៣០ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី ។
លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូនិងទូករ៉ូអ៊ីងកម្ពុជាបានប្រាប់ឲ្យដឹងពីប្រទេសម៉ាឡេស៊ីថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ីមានចំនួន១៨ ប្រតិភូ ២រូប គ្រូបង្វឹក ៣រូប កីឡាករ ១៤ រូបលើវិញ្ញាសា ៣០០ម៉ែត្រ បុរស ១២នាក់ ។
លោកបានបន្តថា ការប្រកួតឆ្នាំនេះមានប្រទេសចំនួន ១៨ ប្រទេសរួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសកម្ពុជា ប្រទេសកាតា ប្រទេសអេស្ប៉ាញ ប្រទេសអៀរឡង់ ប្រទេសហ្វីលីពីន ប្រទេសជប៉ុន ហុងកុង ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ប្រទេសថៃ ប្រទេសប៊្រីនី តៃវ៉ាន់ ចក្រភពអង់គ្លេស ប្រទេសរុស្ស៊ី និងម្ចាស់ផ្ទះប្រទេសម៉ាឡេស៊ី។
លោក គង់ សុភាពបានបន្ថែមទៀតថា ការប្រកួតនេះមានរហូតទៅដល់ ៧ វិញ្ញាសាឯណោះ ចំណែកក្រុមកីឡាករទូកនាគកម្ពុជាយើងចូលរួមតែវិញ្ញាសា ៣០០ ម៉ែត្រទេ៕ ដោយ៖លី ភីលីព