ព័ត៌មានអន្តរជាតិ

នាវិក Shenzhou XVI បានចុះចតដោយសុវត្ថិភាព នៅលើផែនដី បន្ទាប់ពីបេសកកម្មរយៈពេល៥ខែ

ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា នាវិកបេសកកម្ម Shenzhou XVI បានត្រឡប់មកផែនដីវិញ នៅព្រឹកថ្ងៃអង្គារ ដោយបានបញ្ចប់បេសកកម្ម ជាប្រវត្តិសាស្ត្រ រយៈពេល ៥ ខែ ដែលពាក់ព័ន្ធនឹងអវកាស យានិកស៊ីវិលចិនដំបូងគេ ។

យានអវកាស Shenzhou XVI របស់យានអវកាស Shenzhou ដឹកអ្នកអវកាសយានិក៣នាក់ រួមមានមេបញ្ជាការបេសកកម្ម ឧត្តមសេនីយ៍ទោ Jing Haipeng, Colonel Zhu Yangzhu និងសាស្រ្តាចារ្យ Gui Haichao បានចុះចតនៅម៉ោង ៨:១១ ព្រឹក នៅកន្លែងចុះចត Dongfeng ក្នុងវាលខ្សាច់ Gobi ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង បន្ទាប់ពីបានហោះហើរជិត ១២ ម៉ោងក្នុងការធ្វើដំណើរត្រឡប់មកវិញ ។

បន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាព នៅខាងក្រៅយាន បុគ្គលិកសង្គ្រោះដីបានបើកទ្វារយានជំនិះរាងកណ្តឹង ហើយបានធ្វើការពិនិត្យបឋម អំពីស្ថានភាពរបស់អវកាសយានិក ។ អង្គុយនៅខាងក្នុងយាន លោក Jing បានប្រាប់អ្នកត្រួតពិនិត្យដី ក្នុងទីក្រុងប៉េកាំង តាមរយៈវិទ្យុថា ក្រុមរបស់លោកបានចុះចតដោយសុវត្ថិភាព ហើយមានអារម្មណ៍ល្អណាស់ ។

ក្រុមរបស់លោក Jing បានចូលស្ថានីយ Tiangong កាលពីថ្ងៃទី ៣០ ខែឧសភា។ ការធ្វើដំណើររបស់ពួកគេ គឺជាការហោះហើរអវកាសទី១១ របស់ប្រទេសចិន និង បេសកកម្មនាវិកទី ៥ ទៅកាន់ស្ថានីយអវកាស Tiangong ។ ការធ្វើដំណើរនេះគឺ ជាការហោះហើរលើកដំបូង របស់អវកាសយានិកជំនាន់ទី ៣ របស់ប្រទេសចិន ហើយជាលើកដំបូងដែលជនស៊ីវិលចិន បានធ្វើដំណើរទៅកាន់ទីអវកាស ។

លោក Jing និងលោក Zhu គឺជាសមាជិកនៃផ្នែកអវកាសយានិក របស់កងទ័ពរំដោះប្រជាជនចិន ខណៈលោក Gui ជាអ្នកគ្រប់គ្រងថ្នាក់បណ្ឌិត នៅនាយកដ្ឋានយានអវកាស និងបច្ចេកវិទ្យាយានបាញ់បង្ហោះនៃសាលាអវកាសយានិក នៃសាកលវិទ្យាល័យ Beihang ក្នុងទីក្រុងប៉េកាំង។
ជាងនេះទៅទៀត បេសកកម្ម Shenzhou XVI បានក្លាយជាយានអវកាសទី៤ របស់លោក Jing ធ្វើឲ្យលោកក្លាយជា អវកាសយានិក ដែលមានបទពិសោធន៍បំផុត របស់ប្រទេសចិន ។ ក្នុងរយៈពេល៦ខែបន្ទាប់ ស្ថានីយ៍ Tiangong នឹងត្រូវបានគ្រប់គ្រងដោយ Shenzhou XVII ទាំង៣ មេបញ្ជាការបេសកកម្មជាន់ខ្ពស់វរសេនីយឯក Tang Hongbo, វរសេនីយ៍ទោ Tang Shengjie និងវរសេនីយ៍ឯក Jiang Xinlin បានមកដល់ស្ថានីយហោះហើរ ដ៏ធំនៅល្ងាចថ្ងៃព្រហស្បតិ៍ ។

មុននឹងចេញដំណើរត្រឡប់ទៅវិញ ក្រុមការងាររបស់ Jing បានប្រគល់ការងាររបស់ពួកគេទៅឱ្យនាវិកថ្មី ហើយបានតម្រៀប និងផ្ទេរសម្ភារៈរវាងស្ថានីយ និងយានអវកាសរបស់ពួកគេ ។ ពួកគេបានចាកចេញពីស្ថានីយ៍ Tiangong នៅម៉ោង ៨:៣៧ យប់ថ្ងៃចន្ទ បន្ទាប់ពីការហោះហើរជុំវិញគន្លងមួយចំនួន យានអវកាសរបស់ពួកគេបានចូល ទៅក្នុងបរិយាកាសឡើងវិញនៅព្រឹកថ្ងៃអង្គារ ៕
ដោយ៖លី ភីលីព

Most Popular

To Top