គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានផ្លាស់ប្តូរមេបញ្ជាការ នៃកងកម្លាំងប្រតិបត្តិការពិសេស ហៅកាត់ (SOF) ។
យោងតាមក្រឹត្យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីបានដាក់ថា លោកវរសេនីយ៍ឯក Serhiy Lupanchuk ត្រូវបានតែងតាំងជាមេបញ្ជាការថ្មីនៃកងកម្លាំង SOF ជំនួសឧត្តមសេនីយ៍ Viktor Khorenko ។
ក្រុមសេវាសារព័ត៌មានប្រធានាធិបតី មិនបានផ្តល់ហេតុផលនៅពីក្រោយនៃការជំនួសមុខតំណែងនេះនោះទេ ។
គួរបញ្ជាក់ថា កងកម្លាំង SOF គឺជាសាខា នៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងភារកិច្ចពិសេសទាក់ទងនឹងកងកម្លាំង ដូចជាការឈ្លបយកការណ៍ ការប្រមូលផ្តុំស៊ើបការណ៍ សង្គ្រាមផ្លូវចិត្ត និងសកម្មភាពផ្សេងៗទៀត ។
គេបានដឹងថា កាលពីខែមុន លោក Zelensky បានផ្លាស់ប្តូរមុខតំណែងមេបញ្ជាការកងកម្លាំងការពារដែនដីរបស់ខ្លួនរួចហើយដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា