ភ្នំពេញ ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានប្រកាសរៀបចំការ ប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសារធារណៈ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានមានប្រសាសន៍ថា ការប្រកួតនេះនឹងត្រូវបានចែកចេញជា២វ័យ គឺយុវជនអាយុ១៣ឆ្នាំដល់១៨ឆ្នាំ និងពេញវ័យ ដោយមាន២៩វិញ្ញាសា។ សម្រាប់យុវជន មានវិញ្ញាសាមេគុនឯកត្តជន (២វិញ្ញាសា) ប្រយុទ្ធបុរស-នារី ៦ប្រភេទទម្ងន់។
សម្រាប់កីឡាករ កីឡាការិនីពេញវ័យ ចាប់ពីអាយុ១៨ឆ្នាំឡើងលើ មានមេគុនសម្រាប់ក្លឹប ៤វិញ្ញាសាលើកម្រិតខ្សែក្រវាត់ ឯកត្តជនបុរស-នារី, មេគុនសម្រាប់ក្រុមជម្រើសជាតិ មាន៤វិញ្ញាសា ក្នុងកម្រិតខ្សែក្រវាត់ឯកត្តជនបុរស-នារី, វិញ្ញាសាប្រយុទ្ធសម្រាប់ក្លឹប មាន៨វិញ្ញាសា សម្រាប់បុរស-នារី និងវិញ្ញាប្រយុទ្ធសម្រាប់ជម្រើសជាតិ បុរស-នារី មាន៥វិញ្ញាសា ។
លោកអគ្គលេខាធិការបន្តថា ចំពោះសមាគម និងក្លឹបមានសិទ្ធិដាក់ពាក្យចូលរួមប្រកួតនូវចំនួនកីឡាករ កីឡាការិនីចំនួន១៨នាក់យ៉ាងច្រើន ក្នុង១សមាគម ឬក្លឹប ខណៈកីឡាករ ឬកីឡាការិនីម្នាក់ៗអាចចូលរួមប្រកួតបានច្រើនបំផុត ត្រឹម២វិញ្ញាសាប៉ុណ្ណោះ។
ចំពោះការកំណត់បច្ចេកទេស គឺលើវិញ្ញាសាប្រយុទ្ធ គឺការប្រកួតឯកត្តជន មួយប្រកួតមាន២ទឹក ហើយក្នុង១ទឹក មាន២នាទី ហើយគ្រប់ការប្រកួតទាំងអស់ ក្នុងករណីស្មើគ្នា ត្រូវបន្ថែម១ទឹកទៀត មាន១នាទី ហើយប្រសិននៅតែស្មើគ្នាទៀត គឺត្រូវប្រកួតយកពិន្ទុមាស ដោយអ្នកទាត់ ឬវាយចូលមុន ជាអ្នកឈ្នះការប្រកួតែម្តង ដោយមិនកំណត់ពេលវេលាឡើយ សម្រាប់ការប្រកួតយកពិន្ទុមាស ៕