កីឡា

លោកបណ្ឌិត ជ្រិន សុធា៖ វគ្គនេះជួយឲ្យសិក្ខាកាមទាំងអស់បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាន នូវបទពិសោធន៍ជាច្រើនទៀត ក្នុងការត្រៀមខ្លួន បន្តវេននៅជំនាន់ក្រោយៗ

ភ្នំពេញ៖ លោកបណ្ឌិត ជ្រិន សុធា ទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតី និងជាអគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូបានកអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម តេក្វាន់ដូWTថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ រាជធានីភ្នំពេញ។

លោក គង់ សក្ខិដា អគ្គលេខាធិការរងនៃខេមរសហព័ន្ធតេក្វាន់ដូបាននិយាយថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម តេក្វាន់ដូ WT ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ មានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូ WT រាជធានី-ខេត្តសរុបចំនួន ៦១នាកក្នុងស្រី ២៣នាក់ដូចជាខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ ។

លោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម តេក្វាន់ដូ WT ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ អាចដំណើរការទៅបាន ដោយសារមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២៣ បានទាន់ពេលវេលា ដោយផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់ បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាននូវ បទពិសោធន៍ជាច្រើនទៀត ក្នុងការត្រៀមខ្លួន បន្តវេននៅជំនាន់ក្រោយៗ ហើយក៏ជាក្តីសង្ឃឹសម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ នៅក្នុងការផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូ WT ឲ្យបានទូលំទូលាយ នាពេលអនាគត។

លោកបណ្ឌិត ជ្រិន សុធា បានបន្តថា តំណាងឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានរៀបចំ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូ WT ថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយរក្សាបាននូវសុវត្ថិភាព-សុខភាព ដល់សិក្ខាកាមទាំងអស់និងសូមថ្លែងអំណរគុណដល់ លោកគ្រូឧទ្ទេស ជំនួយការ និងអ្នកសម្របសម្រួល ដែលជា អាជ្ញាកណ្តាលអន្តរជាតិ សម្រាប់ការបណ្តុះបណ្តាលវគ្គរយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅបានរលូន។

ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ នូវថវិកាគាំទ្រ ក្នុងការជួយពន្លឿនសកម្មភាពរបស់ខេមរសហព័ន្ធតេក្វាន់ដូ។ សូមកោតសរសើរ និង អរគុណ ដល់ការខិតខំបឹ្រងប្រែង របស់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ក្នុងការបណ្តុះបណ្តាលធនធានកីឡាតេក្វាន់ដូ WT សម្រាប់បន្តវេនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូ WT កម្ពុជា ឲ្យបានទូលំទូលាយ ទៅដល់សាធារណជនទូទៅ គ្រប់ស្រទាប់វណ្ណៈ និង ទូទាំងរាជធានី-ខេត្ត តាមប្រសាសន៍ដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានខេមរសហព័ន្ធតេក្វាន់ដូ នាពេលអនាគត៕ ដោយ៖លី ភីលីព

Most Popular

To Top