អាមេរិក ៖ នេះបើយោងតាមការ ដកស្រង់ប្រភពពីកាសែត Financial Times ផលិតថ្មបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Apple ចង់ឲ្យប្រទេសឥណ្ឌាផលិតថ្ម សម្រាប់ iPhone ជំនាន់ចុងក្រោយរបស់ខ្លួន ខណៈខ្លួនស្វែងរកការធ្វើពិពិធកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ពិភពលោករបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើការផលិត របស់ចិន យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
យោងតាម FT បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា បានប្រាប់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ថា ខ្លួនចូលចិត្តប្រភពថ្ម សម្រាប់ iPhone 16 ពីរោងចក្រ នៅប្រទេសឥណ្ឌា ។ ក្រុមហ៊ុននេះបានសរសេរថា ក្រុមហ៊ុនបានលើកទឹកចិត្តអ្នកផ្គត់ផ្គង់ចិន និងតៃវ៉ាន់មួយចំនួន របស់ខ្លួន ឲ្យបង្កើតកន្លែងផលិតថ្មី ក្នុងប្រទេសអាស៊ីខាងត្បូង ឬពង្រីកទិន្នផលនៅកន្លែង ដែលមានស្រាប់សម្រាប់ការបញ្ជាទិញនាពេលអនាគត ។
ការផ្លាស់ប្តូរនេះ ស្របតាមយុទ្ធនាការ “Make in India” របស់ទីក្រុងញូវដែលី ផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលអភិវឌ្ឍ និងផលិតទំនិញ របស់ពួកគេក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីខែកញ្ញាដោយដក ស្រង់ប្រភពរដ្ឋាភិបាលថាក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាគ្រោងនឹងបង្កើនផលិតកម្ម ក្នុងប្រទេសឥណ្ឌាលើសពី ៥ ដងដល់ប្រហែល ៤០ ពាន់លានដុល្លារក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំខាងមុខ ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានចាប់ផ្តើមផលិត iPhone 15 របស់ខ្លួននៅប្រទេសឥណ្ឌាកាលខែសីហាក្នុងរោងចក្រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Foxconn ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោក។
ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលរបស់តៃវ៉ាន់គ្រោងនឹងសាងសង់រោងចក្រផលិតថ្មីដែលមានតម្លៃ ១,៥ ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌា។
យោងតាមអ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo ថា បច្ចុប្បន្ន ១២-១៤ភាគរយនៃទូរស័ព្ទ iPhone ត្រូវបានលក់ទូទាំងពិភពលោក គឺត្រូវបានផលិតក្នុងប្រទេសឥណ្ឌា ជាមួយនឹងសមាមាត្រនោះនឹងកើនឡើងដល់ ២០-២៥ភាគរយក្នុងឆ្នាំខាងមុខនេះ។
នេះបើតាមទស្សនាវដ្ដី Forbes បានដកស្រង់សម្ដីអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តពង្រីកការផលិត iPhone នៅប្រទេសឥណ្ឌា ភាគច្រើនមកពីបញ្ហាសង្វាក់ផ្គត់ផ្គង់នៅប្រទេសចិន បន្ទាប់ពីរោងចក្រធំមួយនៅទីក្រុង Zhengzhou ត្រូវបានបិទដោយសារតែការផ្ទុះឡើងនៃ Covid កាលខែតុលា ឆ្នាំ ២០២២ ហើយបន្ទាប់មកបានរង្គោះរង្គើដោយការតវ៉ាដោយហឹង្សាលើប្រាក់ខែ និងលក្ខខណ្ឌ Apple បានតស៊ូដើម្បីបំពេញតម្រូវការ សម្រាប់រដូវកាលវិស្សមកាលឆ្នាំមុន ៕
ដោយ៖លី ភីលីព