កីឡា

លោក តែម ម៉ឺន វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលកន្លងមក និងដាក់សង្ឃឹម ដោយបង្ហាញ ការជឿជាក់យ៉ាងមុតមាំ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំការ ពង្រឹងអនុវត្តតួនាទីភារកិច្ច ក្នុងការគ្រប់គ្រងការ ប្រកួតរបស់សហព័ន្ធកីឡាគុនខ្មែរ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក ។

សហព័ន្ធប្រដាល់គុនខ្មែរ បានតែងតាំងលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ជាអនុប្រធានទី១ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជំនួសតំណាង លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងអនុប្រធានទី១ចាស់ ក្លាយជាទីប្រឹក្សាជាន់ខ្ពស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានមានប្រសាសន៍ថា រូបលោកប្តេជ្ញាចិត្តខ្ពស់ និង ចូលរួមចំណែក ក្នុងការជួយជំរុញ ជ្រោមជ្រែងសហព័ន្ធមួយនេះ ឲ្យកាន់តែមានការវិវត្តឈានឆ្ពោះ ទៅមុខយ៉ាងឆាប់រហ័ស ជាពិសេសឆ្ពោះទៅកាន់ឆាកអន្តរជាតិ លើកមុខមាត់ប្រទេសជាតិ តាមរយៈវិស័យប្រដាល់មួយនេះ នាថ្ងៃអនាគត ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមក និងដាក់សង្ឃឹម ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា អនុប្រធានថ្មីម្នាក់នេះ ដែលទើបបានជ្រើសរើស មកកាន់តែតំណែងនេះ នឹងជួយលើកស្ទួលឲ្យសហព័ន្ធប្រដាល់គុនខ្មែរ កាន់តែរីកចម្រើនពីមួយកម្រិត ទៅមួយកម្រិតទៀតយ៉ាងឆាប់រហ័ស ស្របពេលវិស័យ ប្រដាល់ គុនខ្មែរក៏កំពុងរីកចម្រើនខ្លាំងឡើងផងនោះ ។

លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា ការប្រកាសសមាសភាពឯកឧត្តម ខូវ ឆាយ ជាអនុប្រធានថ្មី ក្នុងវេលានោះ ដោយសហព័ន្ធមានការចាំបាច់ដើម្បីបំពេញក្បាលម៉ាស៊ីន ដឹកនាំអភិវឌ្ឍជំរុញសហព័ន្ធកីឡា ប្រដាល់គុនខ្មែរឆ្ពោះទៅមុខ៕
ដោយ៖លី ភីលីព

Most Popular

To Top