ព័ត៌មានអន្តរជាតិ

ជំងឺគ្រុនឈាម ឆក់យកជីវិតពលរដ្ឋ បង់ក្លាដេស អស់ជាង១.៧០០នាក់

Xinhua

ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ថា ជំងឺគ្រុនឈាម ដែលបណ្តាលមកពីសត្វមូសខ្លា បានឆក់យកជីវិតមនុស្សជាង១.៧០០នាក់ និងបានឆ្លងដល់មនុស្សជាង៣០០.០០០នាក់ គិតមកដល់ពេលនេះនៅទូទាំង ប្រទេសបង់ក្លាដេស ។

យោងតាមស្ថិតិចុងក្រោយ របស់អគ្គនាយកដ្ឋាន សេវាសុខភាព ហៅកាត់ថា (DGHS) បានឲ្យដឹងថា អត្រាប្រេវ៉ាឡង់ នៃជំងឺគ្រុនឈាម បានឈានដល់ស្ថានភាព គួរឱ្យព្រួយបារម្ភបំផុត នៅក្នុងឆ្នាំនេះ ដោយមានអ្នកឆ្លងជំងឺ សរុបចំនួន ៣២០.៩៤៥ករណី និងមានអ្នកស្លាប់ចំនួន១.៧០១នាក់គិតត្រឹមថ្ងៃទី២៨ ខែធ្នូនេះ ។

ទិន្នន័យបានបង្ហាញឲ្យដឹងថា ការស្លាប់ដោយសារជំងឺគ្រុន ឈាមនៅក្នុងឆ្នាំនេះរួមមាន ៧៩នាក់ក្នុងខែធ្នូ ចំនួន២៧៤នាក់ក្នុងខែវិច្ឆិកា និងចំនួន៣៥៩នាក់ក្នុងខែតុលា ។

ប្រទេសបង់ក្លាដេស បានជួបប្រទះនឹងការរីករាលដាលនៃជំងឺគ្រុនឈាមខ្ពស់បំផុតនៅក្នុងខែកញ្ញា ដោយមានអ្នកឆ្លងថ្មីចំនួន ៧៩.៥៩៨នាក់ និងអ្នកស្លាប់ចំនួន៣៩៦នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top