តូក្យូ៖ យន្តហោះដឹកអ្នកដំណើររបស់ Japan Airlines Co. បានបុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុននៅអាកាសយានដ្ឋានហាណេដា ទីក្រុងតូក្យូកាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យយន្តហោះទាំងពីរផ្ទុះឆេះ និងសម្លាប់សមាជិកឆ្មាំឆ្នេរសមុទ្រ ៥នាក់ ខណៈដែលអ្នកដំណើរ ៣៧៩ នាក់នៅលើជើងហោះហើរពាណិជ្ជកម្មបានរត់គេចខ្លួនដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។
មូលហេតុនៃឧបទ្ទវហេតុ ដែលបានកើតឡើងនៅលើផ្លូវរត់នៃអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ប្រទេសបន្ទាប់ពីយន្តហោះ JAL បានចុះចតនៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលកំណត់ត្រាទំនាក់ទំនងផ្លូវអាកាសមិនត្រូវបានបង្ហាញឱ្យដឹង។ ប្រភពពីក្រុមហ៊ុន JAL បានឲ្យដឹងថា យន្តហោះរបស់ខ្លួន ដែលមកពីសាប៉ូរ៉ូត្រូវបានផ្តល់ការអនុញ្ញាតឱ្យចុះចត។
យោងតាមឆ្មាំឆ្នេរសមុទ្រ យន្តហោះរបស់វានឹងហោះទៅកាន់ខេត្ត Niigata ដើម្បីចែកចាយអាហារ និងទឹកដល់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីកម្រិត ៧,៦រិចទ័រ ដែលបានវាយប្រហារឧបទ្វីបណូតូ និងតំបន់ជុំវិញរបស់វាតាមបណ្តោយឆ្នេរសមុទ្រជប៉ុនមួយថ្ងៃមុននេះ។ .
ឆ្មាំឆ្នេរមិនបានបញ្ជាក់លម្អិតពីកន្លែងដែលយន្តហោះរបស់ខ្លួនស្ថិតនៅលើអាកាសនៅពេលបុកនោះទេ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៥និង ៤៧ នាទីល្ងាចភ្លាមៗបន្ទាប់ពីយន្តហោះ JAL បានចុះចតដោយមានអ្នកដំណើរ ៣៦៧ នាក់នៅលើយន្តហោះក្នុងនោះមានកុមារតូចៗ ៨នាក់។
យន្តហោះប្រភេទ Airbus A350 បានឈប់នៅលើផ្លូវរត់បន្ទាប់ពីរត់បានមួយរយៈបន្ទាប់ពីបុក បន្ទាប់មក អ្នកដំណើរ និងនាវិកបានប្រើស្លាយសង្គ្រោះបន្ទាន់ ដើម្បីចេញពីតួយន្តហោះ ខណៈដែលវាត្រូវបានឆាបឆេះដោយអណ្តាតភ្លើង និងផ្សែង។
នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបាននិយាយថា វាត្រូវចំណាយពេល ៨ម៉ោងកន្លះ ទើបភ្លើងឆេះនៅលើយន្តហោះ JAL ទើបអាចគ្រប់គ្រងបាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
យោងតាមប៉ូលីសបានឱ្យដឹងថា នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្រ Bombardier DHC8-300 ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋាននោះ ភ្លើងក៏ត្រូវបានពន្លត់ដែរ ប៉ុន្តែ ៥នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះ ដែលមានអាយុចន្លោះពី ២៧ ទៅ ៥៦ ឆ្នាំត្រូវបានបញ្ជាក់ថា បានស្លាប់៕ ប្រែសម្រួល ឈូក បូរ៉ា