តូក្យូ៖ មនុស្សយ៉ាងហោចណាស់ជាង ៨០ នាក់បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារឧបទ្វីបណូតូ និងតំបន់ជុំវិញនៅកណ្តាលប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានប្រជែងពេលវេលាដើម្បីស្វែងរក និងទាញអ្នកនៅរស់រានមានជីវិតបន្ថែមទៀតពីអគារ ដែលដួលរលំចំពេលមានសីតុណ្ហភាពត្រជាក់ខ្លាំង។
ពីរថ្ងៃបានកន្លងផុតទៅចាប់តាំងពីការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានបណ្តាលឱ្យខូចខាតរចនាសម្ព័ន្ធនិងអគ្គីភ័យយ៉ាងទូលំទូលាយនៅក្នុងទីក្រុងវ៉ាជីម៉ា ក្នុងខេត្ត Ishikawa លើឆ្នេរសមុទ្រជប៉ុន ប៉ុន្តែទំហំនៃគ្រោះមហន្តរាយនៅតែមិនទាន់ដឹងនៅឡើយ។
កាលពីល្ងាចថ្ងៃពុធ រដ្ឋាភិបាលនៃខេត្តបានបញ្ចេញអត្តសញ្ញាណមនុស្ស ១៥ នាក់ដែលនៅមិនទាន់មានគណនីនៅទីក្រុងវ៉ាជីម៉ា និងទីប្រជុំជន Anamizu ដែលនៅក្បែរនោះ ដោយថាបញ្ជីនៃចំនួនជនរងគ្រោះអាចកើនឡើង។
ភ្លៀងបានបន្ថែមភាពលំបាកក្នុងប្រតិបត្តិការជួយសង្គ្រោះដែលត្រូវបានរារាំងរួចទៅហើយដោយកំទេចកំទី និងផ្លូវដែលបានកាត់ផ្តាច់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន ត្រូវបានកំណត់ឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីបញ្ជូនការផ្គត់ផ្គង់ទៅកាន់តំបន់ដាច់ ដោយអាជ្ញាធរក្នុងតំបន់បានស្នើសុំឱ្យរដ្ឋាភិបាលកណ្តាលបញ្ជូនបុគ្គលិក SDF សម្រាប់បេសកកម្មសង្គ្រោះគ្រោះមហន្តរាយ។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា រដ្ឋាភិបាលបានសម្រេចចិត្តបង្កើនចំនួនសមាជិក SDF ដែលធ្វើការនៅក្នុងតំបន់រងគ្រោះពី ១០០០ នាក់នៅពេលបច្ចុប្បន្នដល់ ២០០០នាក់៕ ប្រែសម្រួល ឈូក បូរ៉ា