វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក បៃដិន មិនមានគម្រោងបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ចេញពីតំណែងនោះទេ បន្ទាប់ពីលោកបានរងការចោទប្រកាន់ចំពោះការខកខានមិនបានបង្ហាញពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនថ្ងៃ ប៉ុន្តែរដ្ឋបាលរបស់លោក នឹងស៊ើបអង្កេតលើ “កង្វះតម្លាភាព” ។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានឲ្យដឹងថា លោក បៃដិន ចង់បន្តធ្វើការជាមួយលោក Austin ខណៈដែលប្រធានាធិបតីគោរព “ការងារដ៏អស្ចារ្យ” ដែលលោក បានធ្វើក្នុងនាមជាប្រធានមន្ទីរបញ្ចកោណ ហើយផ្តល់តម្លៃយ៉ាងខ្លាំងដល់ដំបូន្មាន និងការដឹកនាំរបស់លោក។
លោក Kirby បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “ការផ្តោតសំខាន់លេខមួយរបស់ប្រធានាធិបតី គឺទៅលើសុខភាព និងការជាសះស្បើយរបស់លោក Austin ហើយលោកទន្ទឹងរង់ចាំឱ្យលោកត្រលប់ទៅមន្ទីរប៉ង់តាហ្គោន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ “មិនមានផែនការ សម្រាប់អ្វីផ្សេងក្រៅពីការបន្ដតំណែងរបស់លោក Austin នោះទេ”។
ការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាគូប្រជែងដ៏មានសក្តានុពលរបស់លោក បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា បានអំពាវនាវឱ្យមានការដកលោក Austin ចេញ សម្រាប់ការមិនជូនដំណឹងដល់សេតវិមាន និងមន្ត្រីជាន់ខ្ពស់របស់មន្ទីរប៉ង់តាហ្គោន ភ្លាមៗអំពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក។
លោក Austin ដែលមានអាយុ ៧០ ឆ្នាំត្រូវបានគេបញ្ជូនទៅមើលថែយ៉ាងយកចិត្តទុកដាក់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed Army នៅថ្ងៃចូលឆ្នាំសកល ប៉ុន្តែលោក បៃដិន និងជំនួយការរបស់លោកមិនត្រូវបានដឹងទេរហូតដល់ ៣ថ្ងៃក្រោយមក។
មន្ទីរបញ្ចកោណ មិនបានជូនដំណឹងដល់សាធារណជននោះទេ រហូតដល់ថ្ងៃសុក្រ ហើយហេតុផល សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក មិនត្រូវបានបញ្ចេញឱ្យដឹងឡើយ។
ចំពោះការព្រួយបារម្ភអំពីតម្លាភាពលោក Austin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃបន្ទាប់ថា “ខ្ញុំទទួលស្គាល់ថា ខ្ញុំអាចធ្វើការងារបានប្រសើរជាងនេះ ដើម្បីធានាថាសាធារណៈជនត្រូវបានជូនដំណឹងសមរម្យ។ ខ្ញុំប្តេជ្ញាថានឹងធ្វើឱ្យកាន់តែប្រសើរឡើង ប៉ុន្តែនេះជាការសំខាន់ក្នុងការនិយាយថា នេះគឺជានីតិវិធីវេជ្ជសាស្រ្តរបស់ខ្ញុំ ហើយខ្ញុំទទួលខុសត្រូវទាំងស្រុង ចំពោះការសម្រេចចិត្តរបស់ខ្ញុំអំពីការលាតត្រដាង”៕ ប្រែសម្រួល ឈូក បូរ៉ា