ភ្នំពេញ៖ លោកវរសេនីយឯក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ពិសេសទ័ពពិសេស២៤៦ និងជាប្រធានក្លិប ការ៉ាតេ-ដូ ហនុមានបានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីក្លិបការ៉ាតេ-ដូ ហនុមាន បានត្រៀមខ្លួនរួចហើយដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ក៏ជាឆ្នាំទី៣របស់ក្លិបចូលរួមការប្រកួតទំាងប្រយុទ្ធ និងកាតា។
លោកបាលើកឡើងក្នុងឱកាសជួបសំណេះសំណាល់ជាមួយក្រុមកីឡាករ-កីឡាការិនិក្លិប ការ៉ាតេ-ដូ ហនុមានប្រព្រឹត្តនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមុនចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ដែលរៀបចំឡើងដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជានៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
ប្រធានក្លិប ការ៉ាតេ-ដូ ហនុមានបានបន្តថា លោកមានសង្ឃឹមថា ក្រុមកីឡាករ-កីឡាការិនី ក្លិបការ៉ាតេ-ដូ ហនុមាននឹងទទួលបានជ័យជម្នះ បើមិនទទួលបានជ័យជម្នះក៏ទទួលបានបទពិសោធន៍សម្រាប់ត្រៀមខ្លួនចូលរួមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ ២០២៩ខាងមុខនេះ ដែលកម្ពុជាធ្វើម្ចាស់ការប្រកួត ហើយចំណុចសំខាន់បំផុតរបស់ក្លិបការ៉ាតេ-ដូ ហនុមានចង់លើកស្ទួយវិស័យការ៉ាតេ-ដូ និងលើកស្ទួយវិស័យកីឡាក្នុងប្រទេសកម្ពុជា។
ក្លិបការ៉ាតេ-ដូ ហនុមានមានអាយុកាល ៣ ឆ្នាំ និងមានកីឡាករ-កីឡាការិនីចំនួន ៤០ នាក់ ក្នុងនោះកីឡាករ-កីឡាការិនី ៥ នាក់ស្ថិតនៅក្នុងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា។ ការបង្កើតក្លិបការ៉ាតេ-ដូ ហនុមាន ដោយសាររូបលោកជាកីឡាករការ៉ាតេ-ដូ ធ្វើការហាត់អស់រយៈពេលជាង ១០ ឆ្នាំ និងចំណុចរូបលោកជាកងកម្លាំងមួយរូប លោកសំឡឹងឃើញអត្តប្រយោជន៍សំខាន់នៃការហាត់ក្បាច់គុន ក៏រូបលោកជ្រើសរើសការ៉ាតេ-ដូហាត់សុខភាព ការពារខ្លួន ជាពិសេសនោះផ្តល់ឱកាសប្អូនហាត់កីឡាប្រភេទនេះដើម្បីឲ្យជៀសឆ្ងាយពីគ្រឿងញៀន។
លោកវរសេនីយឯក ឈាង សុវណ្ណរតនា បានបន្ថែមទៀតថា ផ្តល់ឱកាសយុវជនធ្វើការប្រមូលផ្តុំហ្វឹនហាត់កីឡាឲ្យមានប្រយោជន៍ដល់សង្គម ក្រុមគ្រួសារ និងខ្លួន ព្រមទំាងធ្វើឲ្យពួកគាត់ក្លាយជាយុវជនគំរូផងដែរ ។ ក្រុមកីឡាករ-កីឡាការិនីក្លិបការ៉ាតេ-ដូ ហនុមានក៏មានម្ចាស់មេដាយនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 នៅកម្ពុជា៕ ដោយ៖លី ភីលីព