ក្រុមហ៊ុន Toyota បានប្រកាសនៅដើមឆ្នាំ២០២៤នេះថា ខ្លួននឹងនៅតែបន្តអភិវឌ្ឍរថយន្តប្រើម៉ាស៊ីនចំហេះក្នុងប្រភេទថ្មី ដែលជួយដល់បរិស្ថាន ពោលគឺលោកអះអាងថា រថយន្តអគ្គិសនី មិនមែនជាដំណោះស្រាយការមិនបញ្ចេញផ្សែងតែមួយនោះទេ។
ក្នុងការធ្វើបទបង្ហាញចេញរថយន្ត GR Yaris ស៊េរីថ្មី ក្នុងពិព័រណ៌រថយន្ត Tokyo Auto Salon 2024 កាលពីថ្ងៃទី១២ ខែមករាកន្លងទៅ លោក Akio Toyoda ប្រធានក្រុមប្រឹក្សាភិបាល និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Toyota បាននិយាយថា ក្រុមហ៊ុនលោកបានចាប់ផ្តើមគម្រោងអភិវឌ្ឍម៉ាស៊ីនចំហេះក្នុងថ្មី ព្រោះវានៅតែដើរតួនាទីដ៏សំខាន់ក្នុងការសម្រេចបាននូវអព្យាក្រឹត្យកាបូន ឬគ្មានការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត។
លោកលើកឡើងថា ការផលិតម៉ាស៊ីន មិនមែនមានន័យថា Toyota នៅចាស់គំរិលនោះទេ ប៉ុន្តែផ្ទុយទៅវិញ ម៉ាស៊ីនគឺមានភាពចាំបាច់សម្រាប់អនាគត។ យ៉ាងណាមិញ លោកមិនបញ្ជាក់លម្អិតពីគម្រោងម៉ាស៊ីនថ្មីនោះទេ ដោយលោកគ្រាន់តែរំលឹក ពីម៉ាស៊ីនអ៊ីដ្រូសែន ដែល Toyota បានធ្វើការលើវារយៈពេល ៣ឆ្នាំមកហើយ។
សូមជម្រាបថា ក្រុមហ៊ុន Toyota បានបញ្ចេញគំរូរថយន្តអគ្គិសនីជាច្រើនម៉ូឌែលរួចមកហើយ ប៉ុន្តែមកទល់ពេលនេះ មាន Toyota bZ4X និង Lexus RZ450e ប៉ុណ្ណោះ ដែលបានបញ្ចេញលក់នៅលើទីផ្សារ។
ថ្មីៗនេះ ក្រុមហ៊ុន Toyota ប្រចាំអូស្រ្តាលី បានបង្ហាញពីគម្រោងបំពាក់ម៉ាស៊ីនចំហេះក្នុងប្រើថាមពលអ៊ីដ្រូសែនលើរថយន្ត LandCruiser។ ម៉ាស៊ីនអ៊ីដ្រូសែនដែលគ្រោងបំពាក់លើ LandCruiser នេះ គឺដូចទៅនឹងរថយន្ត Toyota Mirai ដែលប្រើម៉ាស៊ីនអ៊ីដ្រូសែនមុនដំបូងគេរបស់ Toyota។ ក្រៅពី SUV ធុនធំនេះ Toyota ក៏គ្រោងបំពាក់ម៉ាស៊ីនអ៊ីដ្រូសែន លើរថយន្ត Off-road ថែមទៀតផង។ ក្រៅពីនេះ ក៏មានការលេចធ្លាយ មានការលេចធ្លាយនូវគំរូរថយន្ត Hydrogen HiAce ដែលប្រើម៉ាស៊ីនចំណុះ ៣,៤លីត្រ Twin-turbo V6 ដែលដូចនឹងម៉ាស៊ីន LandCruiser 300 Series និង LX 600 ផងដែរ៕
ប្រភព៖sabbay